ចិនច្រានចោលចចាមអារ៉ាម ហាមប្រជាជនខ្លួនមិនឲ្យប្រើទូរស័ព្ទក្រុមហ៊ុនបរទេស

អន្តរជាតិ

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន មិនបានចេញច្បាប់ក្នុងការហាមឃាត់លើការទិញ និងប្រើប្រាស់ផលិតផលទូរស័ព្ទរបស់ក្រុមហ៊ុនបរទេសនោះឡើយ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងរបាយការណ៍ជាច្រើន ដែលបានចុះផ្សាយកន្លងមកថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រាប់ឱ្យមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់ខ្លួន ឈប់ប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅកន្លែងធ្វើការ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងថា ប្រទេសចិន មិនបានចេញច្បាប់ បទប្បញ្ញត្តិ ឬឯកសារគោលនយោបាយណាមួយ ដើម្បីធ្វើកាហាមប្រាមចំពោះការទិញ និងប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុនបរទេស ដូចជា Apple នោះឡើយ ។

ប៉ុន្តែទន្ទឹមនឹងនេះ លោកស្រី Mao បានសង្កត់ធ្ងន់ថា ប្រទេសចិន សង្ឃឹមថាក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ នឹងចូលរួមគោរពឱ្យបានតឹងរ៉ឹង ចំពោះច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ជុំវិញការពង្រឹងលើការគ្រប់គ្រងសន្តិសុខព័ត៌មាន បន្ថែមទៀត។

ជម្រាបជូនផងដែរថា ប្រទេសចិន ក្នុងរយ:ពេលចុងក្រោយនេះ បានផ្តោតកាន់តែខ្លាំង ក្នុងការប្រើប្រាស់ផលិតផលបច្ចេកវិទ្យា ដែលផលិតក្នុងស្រុក ដោយសារបច្ចេកវិទ្យា បានក្លាយជាបញ្ហាសន្តិសុខជាតិដ៏សំខាន់ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕