ទូតបារាំងប្រចាំកម្ពុជា ប្រកាសឱ្យសាធារណេជនឱ្យចូលមកទស្សនាដោយសេរី នៅថ្ងៃទី១៦ ខែកញ្ញានេះ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណេជនឱ្យចូលមកទស្សនា ដោយសេរី នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ការប្រកាសឱ្យសាធារណជនអាចទស្សនាដោយសេរីនេះ គឺធ្វើឡើនៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណេជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល។

ទូតបារាំងបន្តថា៖« នៅក្នុងទិវាបេតិកភណ្ឌ សារធារណៈជនអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ នៅលើផ្ទៃដី ៤.៥ ហិកតា ដែលវាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ២០០ដើម និងសត្វមួយចំនួនដែលយើងកំពុងធ្វើជំរឿនផងដែរ»។

ប្រភពដដែលបានបន្តថា៖« ក្រៅពីនេះ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥។ លើសពីនេះ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ “បេតិកភណ្ឌមានជីវិត” យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser ថែមទៀត។

បន្ថែមពីនេះទៀត នៅថ្ងៃទី១៦ ខែកញ្ញានោះដែរ នៅពេលចេញទៅវិញ សារធារណៈជនក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៧០ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្រាប់ការទស្សនាស្ថានទូតបារាំងនេះដែរ គឺស្ថានទូត មានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង ,ភាសាខ្មែរ និងភាសាអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយដែលចង់បាន។ ការចូលទស្សនានេះ គឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែកាបូបធំៗមិនត្រូវបានអនុញ្ញាតឱ្យយកចូលទេ។

សូមបញ្ជាក់ថា ទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅ ក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង ៥០។ នៅកម្ពុជាអគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ នៅថ្ងៃទី ១៦ ខែកញ្ញា ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញជាដើម៕

អត្ថបទ៖ ពិសី