ជាដំណឹងដ៏សោកសៅកាលពីព្រឹកមិញនេះតារាចម្រៀង ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពហើយនៅវេលាម៉ោង៦ ជាងព្រឹកមិញនេះ ក្រោយពីសម្រាលព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជិត១ឆ្នាំជាង ដោយសារតែជម្ងឺមហារីកដ៏កាចសាហាវ។
ជាក់ស្តែងក្រោយពេលដែលបានឮដំណឹងដ៏ក្រៀមក្រំនេះ មហាជនទាំងក្នុងនិងក្រៅសិល្បៈមានក្តីអាណិតអាសូរយ៉ាងខ្លាំងដែលបានបាត់បង់ធនធានដ៏ល្អមួយរូប ដែលបានលាចាកពីលោកទាំងវ័យក្មេងគ្មានថ្ងៃវិលត្រឡប់។ ក្រុមគ្រួសារ មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈ មហាជនដែលតែងតែគាំទ្រលោកពិតជាមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តជាពន់ពេកនិងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព កុំអភ័ពដូចជាតិនេះ ។
គួររម្លឹកផងដែរថា តារាចម្រៀង ងួន កែវពេជ្រពិសិដ្ឋ ទទួលមរណភាពនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដោយសារជម្ងឺមហារីកដំណាក់ធ្ងន់ធ្ងរ ហើយអ្វីគួរឲ្យសោកសៅខ្លាំងបំផុតនោះគឺ ម្តាយរបស់លោកផ្ទាល់មានកូនប្រុសតែម្នាក់គត់ ហើយអ៊ុំស្រីក៏ជួយទុក្ខលំបាកផងដែរ ក្នុងអំឡុងពេលកូនប្រុសលោក ងួន កែវពេជ្រ ពិសិដ្ឋត្រូវការចំណាយថវិការជាច្រើនក្នុងការព្យាបាលជំងឺរបស់លោក។យ៉ាងណាមិញ ដំណឹងទទួលមរណៈភាពចាត់ទុកជាការអញ្ជើញចូលរួមពីមិត្តសិល្បកររួមអាជីពក៏ដូចជាប្រិយមិត្តចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពក៏ដូចជាចូលរួមកម្មវិធីបុណ្យផងដែរ ដែលប្រព្រឹត្តធ្វើនៅឯវត្តសំបួរមាស ហួសស្ពានដែកចំការដូង ហើយសម្រាប់ថ្ងៃបូជាសពនៅព្រឹកស្អែកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក។ នេះបើតាមប្រភពជិតស្និតពីកញ្ញា សាឡាត់ ស្រីឡាង៕
ប្រភព៖ Sabay