រដ្ឋាភិបាលអាមេរិកកំពុងសង្ស័យថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែលបាត់ដំណឹង មិនបង្ហាញមុខជាសាធារណៈ អស់រយៈពេល ៣សប្ដាហ៍ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីរដ្ឋាភិបាលចិន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន The Financial Times បានរាយការណ៍ថា ឯករដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានបង្ហោះសារលើបណ្ដាញសង្គមថា លោក Li បានអវត្តមានពីការិយាល័យ និងបាត់ដំណឹងអស់រយៈពេល ៣សប្ដាហ៍ហើយ ខណៈរដ្ឋមន្ត្រីការពារជាតិរូបនេះ អាចនឹងត្រូវឃុំខ្លួននៅក្នុងផ្ទះ។
សារព័ត៌មានអង់គ្លេសដដែលបានបន្ថែមថា រដ្ឋមន្ត្រីអាមេរិក ៣រូប រួមជាមួយបុគ្គលិករដ្ឋាភិបាល ២រូបផ្សេងទៀតសុទ្ធតែអះអាងថា អាមេរិកសន្និដ្ឋានរួចស្រេចថា លោក Li ត្រូវបានដកដំណែង ពីរដ្ឋមន្ត្រីការពារជាតិបាត់ទៅហើយ។
សូមជម្រាបដែរថា រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ត្រូវបានប្រទះឃើញចុងក្រោយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ដោយបានថ្លែងសន្ទរកថាសំខាន់ៗ ក្នុងវេទិកាសន្តិសុខជាមួយបណ្ដាប្រទេសទ្វីបអាហ្វ្រិក ខណៈរដ្ឋាភិបាលចិន មិនទាន់ចេញមុខបកស្រាយពីការអះអាងខាងលើរបស់អាមេរិកឡើយ៕