នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ មកកាន់ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេដឹកនាំចិនជាច្រើនរូប ដូចជាប្រធានាធិបតីចិន, ប្រធានសភាប្រជាជនចិន, នាយករដ្ឋមន្រ្តី និងក្រុមវិនិយោគចិនដែលកំពុងរកស៊ីប្រទេសកម្ពុជា។ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។
ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នាយករដ្ឋមន្រ្តី លី ឈាង បានវាយតម្លៃខ្ពស់ចំពោះសម្តេចធិបតី ដែលបានកំណត់យកប្រទេសចិន ជាប្រទេសទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពី សម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើនដែលប្រជាជាតិទាំងពីរទទួលបាន ជាពិសេសនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
នៅចំពោះមុខនាយករដ្ឋមន្រ្តី លី ឈាង (Li Qiang) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយ យ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន។
ជាមួយគ្នានេះ សម្ដេចធិបតី បានគាំទ្រ ចំពោះការរៀបចំ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញរបស់សម្ដេចធិបតី នាខែតុលា ខាងមុខ។ បន្ថែមពីលើនេះ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានស្នើឱ្យសមភាគីចិន ពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រី លី ឈាង បានរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងនេះ។ លោកបានបញ្ជាក់ជូនសម្ដេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ។
ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រសើរឡើង, ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។
បន្ថែមទៀតនោះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
ជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ ដែលក្នុងនោះមាន ឯកសារស្តីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ផងដែរ៕