ធនាគារជាតិនៃកម្ពុជា National Bank of Cambodia កាលពីពេលថ្មីៗនេះបានសម្រេចបន្ដដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤០លានដុល្លារបន្ថែមទៀត ដើម្បីរក្សាសិ្ថរភាពប្រាក់រៀល។
យោងតាមសេចក្ដីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៤០លានដុល្លារបន្ថែមទៀត ដូច្នេះសូមគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ត្រៀមលក្ខខណៈចូលរួមដេញថ្លៃ។
ចំពោះការដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៤០ដុល្លារ នឹងដាក់ដេញថ្លៃតាមកាលបរិច្ឆេទដូចនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក។
ជុំវិញការដាក់ប្រាក់ដុល្លារដើម្បីដេញថ្លែនេះដែរ ធនាគារជាតិនៃកម្ពុជាក៏ធ្លាប់បានលើកឡើងថា សម្រាប់ការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ និងស្របទៅតាមកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ ក្នុងទិសដៅនេះដែរ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕