មេដឹកនាំកូរ៉េខាងជើង បញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី ជាមួយផ្លែផ្កាច្រើនសន្ធឹក

អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា បន្ទាប់ពីបង្ហាញវត្តមានយ៉ាងកម្រនៅមហាអំណាចមួយនេះ រយៈពេល ៦ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា លោក គីម បានបញ្ចប់ដំណើរទស្សនកិច្ច ជាមួយលទ្ធផលយ៉ាងល្អ​ប្រសើរ ពោលរុស្ស៊ីយល់ព្រមជួយដល់ការអភិវឌ្ឍន៍ប្រព័ន្ធផ្កាយរណប និងបង្កើនទំនាក់ទំនងទ្វេភាគីជាមួយ​កូរ៉េខាងជើង ខណៈលោក គីម បានសម្ដែងការសាទរ និងសន្យាគាំទ្ររុស្ស៊ីដល់ទីបញ្ចប់។

បន្ថែមពីនោះ សម្ព័ន្ធមិត្តរុស្ស៊ី ក៏បានជូនអំណោយជាដ្រូនយ៉ាងច្រើនគ្រឿង ដល់មេដឹកនាំកូរ៉េ​ខាងជើង មុនពេលលោក គីម វិលត្រឡប់ទៅផ្ទះវិញ ខណៈលោក វ៉្លាឌីមៀ ពូទីន បានយល់ព្រម​ទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងវិញម្ដង និងសន្យា​បញ្ជូនជនជាតិ​កូរ៉េខាងជើងម្នាក់ ទៅកាន់លំហអាកាសនាពេលខាងមុខថែមទៀត។

សូមជម្រាបដែរថា បើទោះជាលោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅរុស្ស៊ីរហូតដល់ ៦ថ្ងៃក្ដី ប៉ុន្តែរដ្ឋាភិបាលទាំងសងខាងសុទ្ធតែអះអាងថា ព្យុងយ៉ាង និងមូស្គូ មិនបានចុះកិច្ច​ព្រមព្រៀងណាមួយ អំឡុងពេលធ្វើទស្សនកិច្ចមួយនេះឡើយ៕