គ្រាប់ស្វាយចន្ទីនៅកម្ពុជាមានភាពល្អប្រសើរសម្រាប់ទីផ្សារខាងក្រៅប្រទេស តម្រូវការមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ប៉ុន្តែជាបញ្ហាព្រោះគ្មានថវិកាគ្រប់គ្រាន់ក្នុងការទិញស្តុកទុក។
អ្នកស្រី ចាន់ ម្លិះ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានឱ្យដឹងថា ថ្វីត្បិតតែសិប្បកម្មអ្នកស្រីទើបតែបំពាក់ម៉ាស៊ីនខ្នាតមធ្យម ដែលអាចបកសំបកបានខ្ទង់៩តោនក្នុងមួយខែ និងអាចចម្រាញ់ជាផលិតផលសម្រេចបានជាង២តោន ក្នុងមួយខែតែតម្រូវការក្នុងស្រុក និងក្រៅស្រុកហាក់មានទីផ្សារទូលំទូលាយ។
អ្នកស្រី បានបន្តថា បច្ចុប្បន្នសិប្បកម្មអ្នកស្រី កែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនប្រភេទសម្រាប់លក់ឱ្យអតិថិជនកម្មង់ និងតាមរយៈការបញ្ជាទិញពីក្រុមហ៊ុនកូរ៉េក្នុងស្រុកផងដែរ ដោយមើលឃើញថា ទីផ្សារក្រៅស្រុកមានភាពទូលំទូលាយមែនទែន ក្នុងនោះសិប្បកម្មអ្នកស្រីមានការទាក់ទងបញ្ចាទិញពីបណ្តាប្រទេសផ្សេងៗច្រើន រួមមានប្រទេសថៃ វៀតណាម អូស្រ្តាលីជាដើម។ប៉ុន្តែដោយសារលទ្ធភាពផលិតរបស់សិប្បកម្មអ្នកស្រីនៅមានកម្រិត ផលិតបានតិចនៅឡើយ និងជាពិសេសដោយសារបញ្ហាទុនបង្វិលមិនមានគ្រប់គ្រាន់ សម្រាប់ទិញគ្រាប់យកមកស្តុកទុកកែច្នៃ ទើបមិនអាចផ្គត់ផ្គង់តាមតម្រូវការបញ្ជាទិញពីក្រៅប្រទេសបាន។
អ្នកស្រី ចាន់ ម្លិះ បន្តទៀតថា សិប្បកម្មអ្នកស្រីក៏មានគម្រោងពង្រីកម៉ាស៊ីនផលិតសំបកស្វាយចន្ទីសម្រេចបានក្នុងបរិមាណពី៥ ទៅ១០តោន ក្នុងមួយថ្ងៃផងដែរ ដើម្បីសហការនាំចេញទៅកាន់ប្រទេសថៃ ចិន អូស្រ្តាលី វៀតណាម អាមេរិក និងអង់គ្លេសបន្ថែមទៀត។ ដោយអ្នកស្រី អះអាងថា ព្រោះដឹងថាទីផ្សារគ្រាប់ស្វាយចន្ទីល្អ ទូលាយក្នុងការនាំចេញទៅខាងក្រៅប្រទេស ឱ្យតែផលិតបានច្រើនមិនខ្វះអ្នកត្រូវការទេ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ទេ។
ម្ចាស់សិប្បកម្មរូបនេះ បានគូសបញ្ជាក់ថា បើសិនជាមានបរទេសមកវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាកាន់តែច្រើនវាជារឿងល្អ បើសិនជាពួកគាត់ច្បាស់ជាចង់ជួយជម្រុញទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ក្រៅប្រទេសកាន់តែច្រើន តែបើសិនជាពួកគាត់មានបំណងមកវិនិយោគ ហើយបិទក្តោបទីផ្សារ ជារឿងមួយដែលធ្វើឱ្យប្រជាជនមិនមានផ្លូវក្នុងការរកស៊ីទៅវិញ។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងផងដែរថា ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ក្រៅប្រទេសមានភាពធំទូលាយ មានសក្តានុពលពិតមែន ប៉ុន្តែសំខាន់បំផុតយើងអត់អាចទទួលការបញ្ជាទិញពីគេបាននោះទេ ដោយសារគេបញ្ជាទិញធំៗ ហើយយើងខ្វះទុនបង្វិល។
លោកបន្តថា កន្លងមកសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សារណៈជាមួយធនាគារមួយចំនួន ប៉ុន្តែដោយសារលក្ខខណ្ឌរបស់ធនាគារតឹងរឹងពេក ធ្វើឱ្យខាងសហគ្រាស សិប្បកម្ម មិនអាចទទួលយកបាន មានន័យថាគេមិនអនុម័តទៅលើកម្ចីឥណទាន។អ៊ីចឹងហើយ ធ្វើឱ្យសិប្បកម្ម សហគ្រាសខ្វះទុនបង្វិល ដើម្បីទិញស្តុកទុកសម្រាប់កែច្នៃបង្គ្រប់ការបញ្ជាទិញពីក្រៅប្រទេស។ យើងមានសក្តានុពលមែន ប៉ុន្តែយើងមិនអាចធ្វើបានទេ ព្រោះទុនបម្រុងពឹងលើធនាគារ តែធនាគារដាក់លក្ខខណ្ឌមួយចំនួន ដែលធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមពិបាកនឹងទទួលយក។
សូមជម្រាបជូនផងដែរថា បើតាមសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៦៣ម៉ឺន៤ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាមប្រមាណជាង៦០ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់មានប្រមាណ៨២០លានដុល្លារ ថយចុះ១៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ការថយចុះនេះ ប្រធានសមាគមស្វាយចន្ទីបានអះអាងថា បណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួល បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដែលមិនអាចឆ្លើយតបតាមតម្រូវការទីផ្សារបាន៕