នាយកដ្ឋានកែប្រែថៃ៖ លោក ថាក់ស៊ីន មិនទាន់មានសិទ្ធស្នើសុំរស់នៅក្រៅឃុំឡើយ

អន្តរជាតិ

យោងតាមសម្ដីអ្នកនាំពាក្យនាយកដ្ឋានកែប្រែ លោក Sitthi Sutheewong បាននិយាយនាថ្ងៃទី១៨ ខែកញ្ញានេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងជាប់ពន្ធនាគារ មិនទាន់មានសិទ្ធស្នើសុំរស់នៅក្រៅឃុំឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរូបនេះបន្ថែមថា ព័ត៌មានទាក់ទងនឹងលោក ថាក់ស៊ីន ដែលចុះផ្សាយថា លោកបានដាក់លិខិត ស្នើសុំរស់នៅក្រៅឃុំ ដោយសារបញ្ហាសុខភាព និងវ័យជរា គឺជារឿងមិនពិតនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaipbsworld។

លោក ថាក់ស៊ីន ត្រូវតែអនុវត្តទោសយ៉ាងហោចណាស់ ១/៣ នៃរយៈពេលជាប់ពន្ធនាគារ​របស់លោក ឬយ៉ាងតិច ៦ខែ ទើបអាចដាក់លិខិតសុំការរស់នៅក្រៅឃុំបាន។

គួររំលឹកដែរថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ទទួលបានការប្រោសប្រទានទោសពីព្រះមហាក្សត្រ បន្ថយការជាប់ពន្ធនាគារពី ៨ឆ្នាំ មកនៅត្រឹមមួយឆ្នាំ ដូច្នេះ ១/៣ នៃការអនុវត្តទោសរបស់លោកគឺ មានរយៈពេល ៤ខែ។

ប៉ុន្តែ តាមច្បាប់ដែលបានចែង អ្នកទោសទាំងអស់ត្រូវតែអនុវត្តទោសយ៉ាងហោចណាស់ ៦ខែ ទើបមានសិទ្ធស្នើសុំរស់នៅក្រៅឃុំបាន ដូច្នេះហើយលោក ថាក់ស៊ីន ត្រូវតែរស់នៅក្នុងពន្ធនាគារ ៥ខែទៀត ទើបអាចដាក់ញត្តិសុំរស់នៅក្រៅឃុំបាន។

ក្នុងករណីលោក ថាក់ស៊ីន ទទួលបាន​អនុញ្ញាត​ឲ្យរស់នៅក្រៅឃុំ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ អាចនឹងមានសេរីភាពម្ដងទៀត នាខែកុម្ភៈឆ្នាំក្រោយ។

ជាមួយគ្នានោះ ថ្វីបើលោក ថាក់ស៊ីន មានឈ្មោះជាប់ពន្ធនាគារក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នលោកកំពុងសម្រាក តាមដានជំងឺនៅមន្ទីរពេទ្យប៉ូលិស ជិត៣០ថ្ងៃមកហើយ៕