ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហើបថាខ្លួនមានបទចម្រៀង ២ទម្រង់ សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារា​ចម្រៀង​ផលិតកម្ម Galaxy Navatra ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​លោក​មាន​បទចម្រៀង​ពីរ​ទម្រង់​ គឺបទ​បែប​ប្រពៃណីជាតិខ្មែរ និង​បទ​បែប​រាំលេងសប្បាយ​​​ លក្ខណៈក្នុង​សម័យសង្គមរាស្ត្រ​និយម​ សម្រាប់អបអរសាទរ​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ Oknha News កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា៖ “ថ្ងៃនេះ ជាថ្ងៃថតសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌរបស់យើង ប៉ុន្តែប្លែកពីរាល់ដងដែលយើង​តែង​​ថត​ស្លៀកពាក់​បែប​សម័យកាល​បុរាណ ជាអាវហូល ឬ​អាវប៉ាក់ ប៉ុន្តែ​លើក​នេះ​យើង​ធ្វើ​ឱ្យ​ប្លែក​សម្រាប់​អបអរ​​រាំលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​យើង​តុបតែង​​​​​ខ្លួន​បែប​ទសវត្សរ៍​ឆ្នាំ៥០ ឬឆ្នាំ៦០ សម័យ​សង្គម​រាស្ត្រនិយម ឬហៅថា​សម័យបារាំង។ យើង​តុបតែង​មើល​ទៅ​ស្រស់ស្អាត​មែនទែន ហើយ​ខ្ញុំ​ក៏​ប្លែក​អារម្មណ៍​ខ្លួន​ឯង​ដែរ”។

​លោកឧកញ៉ា បន្ត​ថា យើង​ក៏​មាន​បទ​សម្រាប់​ពិធីបុណ្យភ្ជុំ​ចំ​តែ​ម្តង គឺ​មាន​បទផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​គ្នា ​តែ​យើង​ញែក​ដាច់​ជា​ពីរ។ ដូច្នេះ​ឆ្នាំនេះ យើង​មាន​ពីរ​​ទម្រង់​ គឺ​​ទី១ បទ​ជា​ប្រពៃណីខ្មែរ​របស់​យើង និង​ទី២ បទ​បែប​ប្លែក​អារម្មណ៍​ឱ្យ​បងប្អូន​អ៊ំពូមីង រាំលេង​សប្បាយ សម្រាប់​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ។

លោកឧកញ៉ា ខេមរៈ សិរីមន្ត បាន​បន្ថែម​ថា៖ “ក្នុង​​ឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ខ្ញុំ​មាន​បទចម្រៀង​ច្រើន​បទ​ ទាំង​ពីរ​ទម្រង់​ដូច​បាន​បញ្ជាក់​ខាង​លើ ​ទាំង​បទ​បែប​ដឹងគុណ​ឪពុកម្តាយ ក៏​ដូចជា​មាន​បទមួយ​យើង​បាន​បញ្ចូល​ធម៌​​ទៀត គឺ​បទ «១០ឆ្នាំមានប៉ុន្មានដង» ទើប​ចេញ​បាន​​បីបួន​ថ្ងៃ​មុន​នេះ ហើយ​មាន​សារ​អបរំ​ច្រើន​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ។ ខ្ញុំ​ក៏​មាន​បទទម្រង់​មួយ​ប្រភេទ​ទៀត សម្រាប់​ការ​រាំលេង​កម្សាន្ត លក្ខណៈ​ថា​ពេល​សម្រាក​ពី​ការងារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ យើង​អាច​រាំលេង​កម្សាន្ត​ជួបជុំ​គ្រួសារ​ផងដែរ”។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នេះ នឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា ហើយក្នុងនោះពិធីបុណ្យភ្ជុំធំមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ខាងមុខនេះ៕