ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងជាស្ថាបនិក បុរី KS Residence កៀនស្វាយ កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានចូលជួបសំណេះសំណាលសម្ដែងការគួរសមជាមួយ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងពិភាក្សាលើលទ្ធភាពនៃការសហការក្នុងកិច្ចព្រមព្រៀងណាមួយ ពាក់ព័ន្ធនឹង ការលក់ផ្ទះក្នុងតម្លៃសមរម្យ និងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងបុរី KS Residence ដែលមានទីតាំងនៅជិតរមណីយដ្ឋានកៀនស្វាយក្រៅ ផ្លូវជាតិលេខ ១ មានប្រសាសន៍ថា៖ “ក្នុងជំនួបពិភាក្សា និងសម្ដែងការគួរសម្យជាមួយ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិតជាបានផ្លែផ្កាមែនទែន! ជាពិសេសការឈានទៅរកកិច្ចសហការគ្នាក្នុងពេលខាងមុខឆាប់ៗ ក្នុងការលក់ផ្ទះក្នុង បុរី KS Residence ជូនបងប្អូនមន្ត្រីរាជការ ក្រសួងព័ត៌មាន ក្នុងតម្លៃដ៏ពិសេស និងផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ប្រចាំខែ មានភាពបត់បែន ទៅតាមលទ្ធភាពជាក់ស្ដែងរបស់ពួកគាត់”។
ទន្ទឹមនឹងការបង្ហាញនូវឆន្ទៈរួម ជាវិជ្ជមានលើកិច្ចសហការរវាងថ្នាក់ដឹកនាំកំពូល ក្រសួងព័ត៌មាន និងស្ថាបនិក បុរី KS Residence ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានបន្ថែនថា លោកពិតជាសូមសរសើរដោយស្មោះ ចំពោះឆន្ទៈរបស់ ឯកឧត្ដម នេត្រ ភក្ត្រា ដែលតាំងពី ឯកឧត្ដម ឡើងកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាណត្តិថ្មីមក តែងតែគិតគូរដល់សុខទុក្ខបុគ្គលិកថ្នាក់ក្រោមជាប់ជាប្រចាំ។
នៅលើទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួន ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បញ្ជាក់បន្ថែមថា៖ “នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំបានទទួលជួបឧកញ៉ា គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ដើម្បីពិភាក្សាការងារលើលទ្ធភាពនៃការបញ្ចុះតម្លៃថ្លៃផ្ទះជូនមន្ត្រីរាជការក្រសួងព័ត៌មាន ដើម្បីបង្កភាពងាយស្រួលនិងផ្តល់លទ្ធភាពដល់អ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ អាចទិញផ្ទះក្នុងតម្លៃសមរម្យ និងមានទ្រនុំសុខសាន្តសម្រាប់ក្រុមគ្រួសាររស់នៅ” ។
បុរី ខេអេស រ៉េស៊ីដែន (KS Residence) មានទីតាំង នៅជិតរមណីយដ្ឋាន កៀនស្វាយក្រៅ ដោយធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ។ KS Residence ជាលំនៅដ្ឋានបែបទំនើប ទាន់សម័យ និងមានតម្លៃសមរម្យ ស័ក្តិសមបំផុតសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ និស្សិតមកពីខេត្ត ពិសេសអ្នក ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅ ឬនៅជិតៗនោះ។
ក្នុងគម្រោង បុរី ខេអេស រ៉េស៊ីដែន មានជាង ៣០០ផ្ទះ និងសាងសង់រួច ១០០% អតិថិជនទិញភ្លាម អាចចូលស្នាក់នៅបានភ្លាម។ ក្នុងនោះ បុរី ក៏មានជាប្រភេទប្លង់រឹង LMAP ស្រាប់ ចាំផ្ទេរឈ្មោះជូនអតិថិជនភ្លាមៗថែមទៀតផង ។ កាន់តែពិសេសជាងនេះទៀតនោះ បុរី ក៏កំពុងផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់បត់បែនទៅតាមការស្នើសុំរបស់អតិថិជនថែមទៀតផង៕