ប្រមុខការទូតអាមេរិក និងអនុប្រធានាធិបតីចិន បង្ហាញឆន្ទៈរួមគ្នា ចំពោះទំនាក់ទំនងប្រទេសទាំង២

អន្តរជាតិ

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខការទូតអាមេរិក លោក Antony Blinken និងអនុប្រធានាធិបតីចិន លោក Han Zheng បានជួបមុខគ្នានៅទីក្រុង New York ក្នុងកិច្ចប្រជុំក្រៅ​ផ្លូវការមួយ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងបានបង្ហាញពីឆន្ទៈរួមគ្នា ដោយអំពាវនាវឲ្យ​មានការ​រឹតបន្តឹងទំនាក់ទំនងរវាងចិន និងអាមេរិក ឲ្យមានភាពស្ថិរភាព និងរឹងមាំជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិក យល់ឃើញថា ការជួបជជែកផ្ទាល់ជាមួយអនុប្រធានាធិបតីចិន នឹងអាចដោះស្រាយបញ្ហា​មួយចំនួន​ ដែលមហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងជួបប្រទះ។

“ខ្ញុំគិតថា វាគឺជារឿងល្អដែលយើងអាចមានឱកាសជួបជជែកគ្នាបែបនេះ ក្នុងការរកដំណោះស្រាយ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈការបង្កើន​កិច្ចពិភាក្សាជាន់ខ្ពស់”។ នេះបើសម្ដីរបស់លោក Blinken បាននិយាយ។

ប្រមុខការទូតអាមេរិកបន្ថែមថា៖ គោលបំណងនៃការជជែកគ្នាជាមួយភាគីខាងចិន គឺដើម្បីប្រាកដថា ពួកយើងនៅតែងអាចបន្តបើកកិច្ចចរចាដោយបើកចំហរ និងបង្ហាញឲ្យច្បាស់​ពីទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២។

ជាមួយគ្នានោះ លោក Han អនុប្រធានាធិបតីចិនក៏បានលើកឡើងដែរថា មហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងប្រឈមនឹងផលវិបាក និងការប្រកួតប្រជែងខ្ពស់ ហើយពិភពលោកត្រូវការទំនាក់ទំនងរវាងអាមេរិក និងចិន ត្រូវតែមានស្ថិរភាព និងភាពរឹងមាំ ដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ចិន និងអាមេរិកឡើយ គឺទូទាំងពិភពលោកតែម្ដង។

សូមជម្រាបដែរថា ទំនាក់ទំនងរវាងចិន និងអាមេរិកបច្ចុប្បន្ន មិនមានភាពល្អប្រសើរឡើយ ពោលចិនកំពុងបង្ហាញការមិនពេញចិត្តជាមួយមហាអំណាចលោកខាងលិចជាខ្លាំង ដ្បិត​អាមេរិកតែងលូកដៃ ជុំវិញបញ្ហារវាងខ្លួន និងតៃវ៉ាន់ ខណៈមួយរយៈចុងក្រោយនេះ អាមេរិកបានរឹតវិធានការវិនិយោគ និងការនាំចេញទំនិញបច្ចេកវិទ្យារបស់ខ្លួនថែមទៀត៕