ប្រធានាធិបតីនៃប្រទេសប៉េរូ អ្នកស្រី Dina Boluarte បាននិយាយកាលពីថ្ងៃទី១៨ ខែកញ្ញាថា រដ្ឋាភិបាលរបស់អ្នកស្រី បានប្រកាសអាសន្ននៅក្នុងផ្នែកខ្លះនៃរដ្ឋធានី Lima បន្ទាប់ពីតំបន់ទាំងនោះ មានករណីឧក្រិដ្ឋកម្មកើនឡើងច្រើនពេក។
សេចក្ដីប្រកាសអាសន្ននេះ ធ្វើឡើងនៅសង្កាត់ចំនួន៣ ដែលមានដូចជា San Juan de Lurigancho, San Martin de Porras និងតំបន់ភាគខាងជើងនៃសង្កាត់ Talara ខណៈរដ្ឋាភិបាលកំពុងព្យាយាមរកវិធានការប្រយុទ្ធប្រឆាំង នឹងករណីឧក្រិដ្ឋកម្ម ដែលកំពុងរីកដូចផ្សិតក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកដែរថា ករណីឧក្រិដ្ឋកម្មដែលបានរាយការណ៍ទៅកាន់ប៉ូលិសនៅរដ្ឋធានី Lima កើនឡើងជិត ១៦០ ២០០ករណីកាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹម ១២០ ៣៥០ករណីប៉ុណ្ណោះ។
សូមជម្រាបបន្ថែមថា ប៉េរូគឺជាប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មច្រើនបំផុតលើលោកទី១១ ពោលសន្ទស្សន៍នៃឧក្រិដ្ឋកម្មក្នុងប្រទេស មានរហូតដល់ ៦៦,៧២ ខណៈប្រទេសវ៉េណេស៊ុយអេឡា ជាប្រទេសមានសន្ទស្សន៍ឧក្រិដ្ឋកម្មច្រើនបំផុតលើលោក ៨៣,៧៦៕