អគ្គនាយកដ្ឋានពន្ធដារ បានបន្តធ្វើការរំលឹកជាថ្មីទៀត ដល់ម្ចាស់អចលនទ្រព្យ និងដីធ្លី នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបានទាន់ពេលវេលា យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកញ្ញានេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង នូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយ ប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ចំពោះការបង់ពន្ធ ម្ចាស់អចលនទ្រព្យ អាចទៅបង់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ វឌ្ឍនៈ ឬធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ឬធនាគារ ស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឬធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ជាដើម។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ហេតុនេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕
អត្ថបទ៖ ពិសី