ស្ងាត់ៗ អាមេរិកទិញជីកសិកម្មពីរុស្ស៊ី ជិត១ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក បាននាំចូលជីកសិកម្មពីប្រទេសរុស្ស៊ី​ នៅក្នុងបរិមាណដ៏ច្រើន ដែលមានតម្លៃ ៩៤៤លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា តម្លៃនៃការនាំចេញជីកសិកម្មរបស់រុស្ស៊ី ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៥% ក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ប៉ុន្តែសម្រាប់ខែកក្កដាតែមួយ ការទិញចូលជីកសិកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះបីដង បើធៀបទៅនឹងខែមិថុនា ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីខែសីហា ឆ្នាំ ២០២១ មក ។

គួរឱ្យដឹងថា រុស្ស៊ី ដែលជាប្រទេសផលិតជីកសិកម្មធំបំផុតលើពិភពលោកនោះ គឺជាអ្នកផ្គត់ផ្គង់ធំជាងគេទីពីរ សម្រាប់សហរដ្ឋអាមេរិក ក្នុងរយ:ពេល ៧ ខែដំបូងឆ្នាំនេះ បន្ទាប់ពីប្រទេសកាណាដា ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការ​បង្កសង្គ្រាម នៅអ៊ុយក្រែន ប៉ុន្តែការនាំចេញជីកសិកម្មរបស់រុស្ស៊ី ដែលមានចំនួនប្រមាណ ១៤% នៃពាណិជ្ជកម្មសរុបលើពិភពលោកនោះ មិនត្រូវបានហាមឃាត់ ដោយប្រទេសលោកខាងលិចណាមួយនោះឡើយ ៕