ឧកញ៉ា គង់ សាង ប្រធានសមាគម TAFTAC ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការ​បង្ហាញ​ឱ្យ​ដឹង​ពី​សមាគម TAFTAC ​អ្នកឧកញ៉ា គង់ សាង ជាជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៤៩ ក្នុងសង្កាត់លេខ៣ រាជធានីភ្នំពេញ និង​បច្ចុប្បន្ន​លោក​ស្នាក់នៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅក្នុងរាជធានី​ភ្នំពេញ និងចេះនិយាយភាសាចិនបានស្ទាត់ជំនាញ។

ក្រោយការដួលរលំនៃរបប ប៉ុល ពត លោកបានចាប់ផ្តើមអាជីវកម្ម​ដោយនាំចូលនូវផលិតផល​មួយចំនួន ​ពីបរទេស​មកលក់ក្នុងប្រទេស។ ក្នុងឆ្នាំ១៩៨៥ លោកបានជួបនិងចាប់ដៃគូរអាជីវកម្មជាមួយ​ធុរជនតៃវ៉ាន់ ដោយ​ធ្វើការនាំចូលក្រណាត់មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

បន្ទាប់ពីប្រទេសកម្ពុជាមានការបោះឆ្នោតជាសកលជាលើកដំបូងក្នុងឆ្នាំ១៩៩៣ និងសុខសន្តិភាព​ពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជា ហ៊ុន សែន​ លោកនិងដៃគូធុរជនតៃវ៉ាន់​ បានចាប់ផ្តើម​បង្កើត​រោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។ លោកជាស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគ​លើវិស័យ​ផ្សេងៗមួយចំនួនទៀត រួមមានវិស័យអចលនទ្រព្យ និងកសិកម្មផងដែរ។

បច្ចុប្បន្ន អ្នកឧកញ៉ា គង់ សាង ជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរនៅកម្ពុជា ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាអនុប្រធាន នៃសមាគម WU Chinese Association in Cambodia (WAC) និងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិក​ស្ថាបនិក​នៃសមាគម​ឧកញ៉ាកម្ពុជា ផងដែរ។

ក្នុងអាជីពជាអ្នកវិនិយោគ លោកបានទទួលនូវការទទួលស្គាល់​ពីសំណាក់រាជរដ្ឋាភិបាល​ក្នុងការចូលរួមចំណែក​កសាងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ការងារមនុស្សធម៌ និងសង្គម​ជាច្រើនទៀត។ លោកបានទទួលគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួម​ទាំង​គ្រឿង​ឥស្សរិយ​យស​ថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រ។ អ្នកឧកញ៉ា មានចំណងអាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី អ៊ាង ហេង ជាជនជាតិខ្មែរ និងមានបុត្រាបុត្រីចំនួន៤នាក់៕