ក្រុមហ៊ុន Starbucks បើករោងចក្រតម្លៃ ២២០លានដុល្លារ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅចិន

អន្តរជាតិ

ក្រុមហ៊ុនហាងកាហ្វេ Starbucks កាលពីថ្ងៃអង្គារទី១៩ ខែកញ្ញា បានបើកដំណើរការរោងចក្រថ្មីមួយ នៅក្នុងទីក្រុង Kunshan ខេត្ត Jiangsu ប្រទេសចិន ដែលជាផ្នែកមួយនៃការវិនិយោគដ៏ធំបំផុតរបស់ខ្លួន ក្នុងការផលិត និងចែកចាយ នៅក្នុងប្រទេសនេះ ដើម្បីលើកកម្ពស់បន្ថែមទៀត នូវខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Chinadaily បានបង្ហាញឱ្យដឹងទៀតថា រោងចក្រថ្មី ដែលមានតម្លៃដល់ទៅ ២២០លានដុល្លារនេះ គឺជាការវិនិយោគដ៏ធំបំផុត សម្រាប់បង្កើតជាមជ្ឈមណ្ឌផលិត និងចែកចាយគ្រាប់កាហ្វេរបស់ Starbucks នៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក ។

លោក Laxman Narasimhan នាយកប្រតិបត្តិក្រុមហ៊ុន Starbucks បាននិយាយថា ៖ ” ក្នុងនាមជាទីផ្សារអន្តរជាតិដ៏ធំ និងរីកចម្រើនបំផុតរបស់ Starbucks យើងនឹងបន្តធ្វើឱ្យការវិនិយោគរបស់យើងឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះទីផ្សារប្រទេសចិន”។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន Starbucks មានបណ្តាញហាងជាង ៦ ៥០០ នៅទូទាំងទីក្រុងជាង ២៥០ របស់ប្រទេសចិន ហើយក្រុមហ៊ុនកាហ្វេខ្នាតយក្សរបស់អាមេរិកមួយនេះ នៅតែបន្តបង្កើនការប្តេជ្ញាចិត្ត ដើម្បីឈានទៅរកការបើកដំណើរការហាងឱ្យបាន ៩ ០០០ កន្លែង នៅទូទាំងទីក្រុងចំនួន ៣០០ របស់ប្រទេសចិន ក្នុងឆ្នាំ ២០២៥ រួមជាមួយការបណ្តាក់ទុនបន្ថែម ដល់ទៅ ៤៥០លានដុល្លារ ៕