រដ្ឋាភិបាលឡាវ គ្រោងធ្វើការហាមឃាត់ការនាំចូលផលិតផលកសិកម្មមួយចំនួន

អន្តរជាតិ

យោងតាមកាសែត Vientiane Times បានរាយការណ៍មកថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានស្នើសុំឱ្យមានការហាមឃាត់ចំពោះការនាំចូលបន្លែ និងផលិតផលកសិកម្មមួយចំនួនទៀត ក្នុងគោលបំណងជំរុញដល់ការដាំដុះនៅក្នុងស្រុក បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការហាមឃាត់នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ លោកបណ្ឌិត Phet Phomphiphak ស្នើឡើងនៅក្នុងអំឡុងកិច្ចប្រជុំរបស់មន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងមកវិស័យឯកជន កាលពីពេលថ្មីៗនេះ ។

បញ្ជីមុខទំនិញដែលត្រូវបានណែនាំឱ្យមានការហាមឃាត់នេះ មានដូចជា ស្ពៃក្តោប ផ្កាខាត់ណា ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ម្ទេសប្លោក ដំឡូង ការ៉ុត និងមើមយ៉េន (Beetroot) ។

ទន្ទឹមនឹងនេះ ការនាំចូលសាច់ជ្រូក សាច់គោ និងត្រីប្រភេទមួយចំនួន ក៏ត្រូវបានស្នើឱ្យមានការហាមឃាត់ផងដែរ លើកលែងតែសាច់ក្រក សាច់ចៀម និងសាច់អូដ្ឋ ដែលជាតម្រូវការចាំបាច់សម្រាប់ភោជនីយដ្ឋាន និងសណ្ឋាគារ។

លោកបណ្ឌិត Phomphiphak បានកត់​សម្គាល់​ថា កសិករ​ក្នុង​ស្រុក​អាច​ផលិត​ស្រូវ បន្លែ និង​កសិផល​ផ្សេង​ទៀត​ប្រមាណ ៦,៥៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ ខណ:តួលេខនេះរួមមានអង្ករចំនួន ៣,៧២ លានតោន បន្លែចំនួន ២,៣១ លានតោន និងត្រី សាច់ និងស៊ុតចំនួន ៥០៧ ៦៤៤ តោន។

ជម្រាបជូនផងដែរថា រដ្ឋាភិបាល កំពុងជំរុញឱ្យកសិករ និងអ្នកផលិត ផ្គត់ផ្គង់ទំនិញកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុក និងផលិតកាន់តែច្រើន សម្រាប់ការនាំចេញ ព្រោះការធ្វើបែបនេះនឹងនាំមកនូវលំហូររូបិយប័ណ្ណបរទេស ដែលត្រូវការច្រើន ក៏ដូចជាអាចជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់ ផងដែរ ៕