ក្រុមហ៊ុន ហុង ឡេង ហ៊ួរ គ្រុប គឺជាក្រុមហ៊ុនដែលវិនិយោគលើផែស្ងួត ភស្តភារកម្ម ដឹកជញ្ជូន និងការនាំចូលទំនិញចម្រុះគ្រប់ប្រភេទពីប្រទេសចិនចូលមកក្នុងប្រទេសកម្ពុជា កំពុងទទួលបានជោគជ័យយ៉ាងសម្បើមជាច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុន ហុង ឡេងហ៊ួរ គ្រុប ត្រូវបានវិនិយោគដោយពាណិជ្ជករចាស់វស្សាមួយរូប គឺអ្នកឧកញ៉ា ជា ទ្រី មានវ័យ ៤៨ឆ្នាំ ដែលមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក ជា ទ្រី ទទួលបានគោរមងារ«ឧកញ៉ា» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១០ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥១០/៣៦៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្រ្តី។
ក្រោយទទួលបានគោរមងារឧកញ៉ាបាន ១៤ឆ្នាំ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ជា ទ្រី តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។
ក្រៅពីកំពុងដឹកនាំមុខជំនួញហើយនោះ អ្នកឧកញ៉ា ជា ទ្រី ក៏ជាសមាកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជាផងដែរ៕