ចិនព្យាយាមពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទោះមានការជំទាស់ពីអាមេរិក

អន្តរជាតិ

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋាភិបាលចិនបានជម្រុញ ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី កាន់តែច្រើនទៀត ដូចជាការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ស្របពេលរដ្ឋាភិបាលអាមេរិក​ព្យាយាមរារាំងទំនាក់ទំនងរវាងចិន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ក៏បានមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយរដ្ឋមន្ត្រីការពាណិជ្ជកម្មចិន ស្របពេល​ប្រមុខការទូតចិន Wang Yi ក៏បានបំពេញទស្សនកិច្ចទៅរុស្ស៊ី និងបានបញ្ជាក់យ៉ាងច្បាស់​ពីដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិននាខែក្រោយ។

គួររំលឹកដែរថា ការនាំចូលទំនិញពីរុស្ស៊ីមកចិនកាលពីខែសីហា គឺបានកើនឡើង ៣% ប្រមាណ ១១,៥ពាន់លានដុល្លារ ស្របពេលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏កើនឡើងខ្លាំង តាំងពីរុស្ស៊ីបើកការវាយលុកលើប្រទេសអ៊ុយក្រែន។

ជម្រាបបន្ថែមថា កន្លងមកមហាអំណាចលោកខាងលិច បានព្យាយាមបញ្ចុះបញ្ចូលឲ្យចិន​ចូលរួមជាមួយខ្លួន ដាក់សម្ពាធទៅលើរុស្ស៊ី ប៉ុន្តែមហាអំណាចអាស៊ីមិនធ្វើតាម ដោយតាំងខ្លួន​នៅចំណុចអព្យាក្រឹត្យ មិនលូកដៃជាមួយបញ្ហាសង្គ្រាមនេះឡើយ៕