យោងតាមទិន្នន័យគយចិន បានបង្ហាញឱ្យដឹងថាកាលពីថ្ងៃពុធ ទី២០ខែកញ្ញាថា ការនាំចេញទំនិញរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង នៅតែបន្តកើនឡើង គិតត្រឹមខែសីហា ខណ:ពេលដែលពាណិជ្ជកម្មទ្វេភាគីបានចាប់ផ្តើមមានភាពល្អប្រសើឡើងវិញ។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការនាំចេញរបស់ចិន ទៅកាន់កូរ៉េខាងជើង ក្នុងខែសីហា បានកើនឡើងដល់ ៤,១% ក្នុងតម្លៃ ១៦២,៩លានដុល្លារ បន្ទាប់ពីមានការកើនឡើង ១,២% នៅក្នុងខែកក្កដា ។
នៅក្នុងខែសីហា ទំនិញមានតម្លៃបំផុតរបស់ចិន ដែលនាំចេញទៅកាន់កូរ៉េខាងជើង មានដូចជាសក់ពាក់ក្លែងក្លាយ និងរោមចៀម និងតាមក្រោយដោយអង្ករ ប្រេងសណ្តែកសៀង និងម្សៅស្រូវសាលី ខណៈដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានទទួលរងនូវការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ អស់ជាច្រើនទសវត្សរ៍មកហើយ។
ទន្ទឹមនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងចាប់ផ្តើមឡើងល្អប្រសើរឡើងវិញជាបណ្តើរៗនោះ កូរ៉េខាងជើង ក៏បានបើកច្រកព្រំដែនរបស់ខ្លួន សម្រាប់ការធ្វើដំណើរមួយឡើងវិញផងដែរ ដោយមានការហោះហើរជាលើកដំបូង ពីទីក្រុងព្យុងយ៉ាង ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែសីហា។
ជម្រាបជូនផងដែរថា ការនាំចេញសរុបពីប្រទេសចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងដល់ ១,២៤ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែសីហា ពោលគឺបានកើនឡើង ១៩០,៦% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ៕