លោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានបង្ហើបឱ្យដឹងថា លោកមានផែនការនាំភរិយា ដើរលេងកម្សាន្តទៅកាន់តំបន់អឺរ៉ុប រាប់សិបប្រទេស នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីប្រើជីវិតឱ្យរីករាយ ក្រោយឆ្លងកាត់ភាពនឿយហត់ជាច្រើនឆ្នាំមកហើយ ក្នុងជីវិតជាអ្នកធ្វើការ និងការប្រកបមុខជំនួញផ្សេងៗមួយចំនួន។
អ្នកនិពន្ធចម្រៀងដ៏ល្បីឈ្មោះរូបនេះ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីល្ងាចថ្ងៃពុធ យ៉ាងដូច្នេះថា៖ “២០២៤នេះ ជាឆ្នាំដែលបងត្រូវនាំអូនទៅដើរលេងនៅអឺរ៉ុប រាប់សិបប្រទេស រៀងរាល់៣ខែម្តង កុំឱ្យលុយមើលងាយជីវិតពួកយើង ថាយើងមានតិចតួចហើយមិនចេះរកពេលចាយ និងមិនចេះប្រើជីវិតឱ្យរីករាយ។ ស្រឡាញ់អូនរៀងរហូត”។
ឧកញ៉ា យឹម តាស្រង់ ធ្លាប់មានប្រវត្តិកម្សត់កម្រ កាលនៅវ័យជំទង់ នៅស្រុកកំណើត ទីជនបទមួយ។ ទោះយ៉ាងណា លោកបានខិតខំជម្នះជីវភាពលំបាករបស់ខ្លួន ដោយចាកចេញពីស្រុកកំណើត មករាជធានីភ្នំពេញ រហូតអាចក្លាយជា អ្នកនិពន្ធដ៏ល្បី និងធ្លាប់កាន់តួនាទីជាអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra មុននឹងលោកប្រកបមុខជំនួញខ្លួនឯង ជានាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងលើផ្នែកអចលនទ្រព្យ។
បន្ទាប់ពីមុខជំនួញរបស់លោក មានការរីកចម្រើនជាបន្តបន្ទាប់ លោកឧកញ៉ា យឹម តាស្រង់ និងភរិយា គឺនិងលោកស្រី លី ញ៉ូវរី ក៏តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយដល់កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ។ ជាក់ស្តែង កាលចុងខែសីហាកន្លងទៅនេះ លោកឧកញ៉ា និងភរិយា ព្រមទាំងបុត្រ បានជួយសាងសង់របង និងក្លោងទ្វារសាលារៀនមួយកន្លែង នៅស្រុកកំណើតរបស់លោក នៅខេត្តក្រចេះ៕