គណៈប្រតិភូនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយអ្នកឧកញ៉ា គង់ សាង ប្រធានសមាគម កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកភាពជាមួយសមាគម ក្នុងការសម្រួលនីតិវិធី ពេលវេលា និងកម្រៃសេវាក្នុងការចេញវិញ្ញាបណ្ណបត្រប្រើប្រាស់សំណង់ដល់គ្រប់រោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់”។
វិញ្ញាបណ្ណបត្រប្រើប្រាស់សំណង់ ជាឯកសារតម្រូវដ៏ចាំបាច់មួយ ដែលបញ្ជាក់ពីសុវត្ថិភាពរបស់អគារ ហើយអ្នកបញ្ជាទិញជាច្រើនទាមទារនូវឯកសារនេះជាអនុលោមភាពផ្នែកសុវត្ថិភាពការងារ។
អ្នកឧកញ៉ា គង់ សាង ប្រធានសមាគម បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងសហការី ចំពោះការយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យ ដើម្បីរក្សាបានការអភិវឌ្ឍនៃវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
សូមជម្រាបថា អ្នកឧកញ៉ា គង់ សាង ទើបត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកជាស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. រោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company៕