លោក ទៀ សីហា៖ សមយុទ្ធរួមគ្នាលើវិស័យសុខាភិបាលលើកទី១ ទទួល​បានកា​រ​ផ្លាស់ប្តូរ​ចំណេះ​ដឹង ជំនាញ និង​បទពិសោធថ្មីៗ

សង្គម​ និង​សេដ្ឋកិច្ច

កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបិទសមយុទ្ធសុខាភិបាលរួមគ្នាដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបិទសមយុទ្ធសុខាភិបាលយោធារួមគ្នានេះ ក្រោមវត្តមាននាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាង ស៊ូ​ឈាន (WANG SHUQIAN) ប្រធាន​នាយកដ្ឋាន​សុខា​ភិបាល និង​ជា​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម​ចិន។

ក្រសួងការពារជាតិ បានឲ្យដឹងថា សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទចំនួន ៧ រួមមាន៖ ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា,ការដឹកជញ្ជូនកម្លាំងទ័ព,ការពង្រាយកម្លាំងប្រតិបត្តិការ, ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ,ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត,ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស និងការការពារបង្ការជំងឺឆ្លង ដែលធ្វើឡើងចាប់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

នាយ​ឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា កងយោធពល​ខេមរភូមិន្ទ មាន​មោទនភាព​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន ជា​លើក​ទី១ បានធ្វើឱ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ​ទទួល​បានកា​រ​ផ្លាស់ប្តូរ​ចំណេះ​ដឹង ជំនាញ និង​បទពិសោធថ្មីៗ ជាពិសេស​បង្កើន​កិច្ចសហការ​ប្រតិបត្តិកា​រ​កាន់តែ​ជិតស្និទ្ធ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក។

លោកបន្តថា សមយុទ្ធ​សុខាភិបាល ដែល​ទទួលបាន​ជោគជ័យ​នេះ បាន​ផ្ដើមចេញពី​ទំនាក់​ទំនងជា​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ចិន ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាង ស៊ូ​ឈាន ប្រធាន​នាយកដ្ឋាន​សុខា​ភិបាល និង​ជា​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម​ចិន បានគូសបញ្ជាក់ថា  ការធ្វើ​សមយុទ្ធ​រវាង​យោធា​ប្រទេស​ទាំង​ពីរ​នេះ នឹង​ក្លាយ​ជា​គំរូ​សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​ជាថ្មី​ក្នុង​ប្រវត្តិ​សាស្ត្រ។ លោកថា សមយុទ្ធ​សុខាភិបាល​នេះ បាន​អនុវត្ត​ការងារ​រួមគ្នា​លើ​វិស័យ​វេជ្ជសាស្ត្រ​សុខាភិបាល និង​ការសង្គ្រោះ ដែល​ចូលរួម​ពី​សំណាក់​កងទ័ព​ជើង​អាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន។

សូមជម្រាបជូនថា សមយុទ្ធនេះ ក៏ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាពជាដើម៕