ប្រជាកសិកដែលប្រកបរបរដំាដុះមៀនប៉ៃលិនក្នុងពេលបច្ចុប្បន្ន កំពុងមានការសប្បាយរីករាយក្នុងចិត្តនៅពេលកសិផលរបស់ខ្លួនមានហាងឆេងកាន់តែល្អនិងអាចលក់បានកាន់តែថ្លៃខ្ពស់នៅលើទីផ្សារ។ ជាក់ស្តែងមៀនប៉ៃលិនដែលប្រមូលផលក្នុងខែកញ្ញាឆ្នំា២០២៣រហូតដល់ចុងខែមករាឆ្នំា២០២៤ កសិករលក់ឱ្យក្រុមហ៊ុននំាចេញបានថ្លៃ៣.៦០០រៀលក្នុង១គីឡូឬថ្លៃជាងនេះនៅរដូវកាលប្រមូលផលក្នុងគ្រាបន្ទាប់ ។
លោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍មៀងប៉ៃលិន មានប្រសាសន៍ថា «មកដល់បច្ចុប្បន្ននេះកសិករដំាដុះមៀនប៉ៃលិន ពួកគាត់មានការសប្បាយចិត្ត ព្រោះកន្លងមកមានតែទីផ្សារក្នុងស្រុកដល់រដូវប្រមូលផលម្តងៗកសិករតែងតែរងគ្រោះ និងខាតបង់ប្រាក់។តែឥលូវនេះមៀនប៉ៃលិនមានទីផ្សារធំ ហើយបើកសិករអាចផលិតបានទៅតាមស្តង់ដារដែលឃ្លំាងទទួលទិញគឺកសិករអាចលក់បានថ្លៃខ្ពស់។ តួយ៉ាងក្រុមហ៊ុនបញ្ជាទិញពីកសិករត្រូវបេះនៅក្នុងខែធ្នូឆ្នំា២០២៣ទៅដល់ខែមករាឆ្នំា២០២៤មានតម្លៃ៣.៦០០រៀល,ពីខែកុម្ភៈដល់ខែមីនាមានតម្លៃ៤.០០០រៀល ហើយចាប់ពីខែមីនាដល់ខែមេសានិងឧសភាមានតម្លៃ៤.៥០០រៀល។ដូចនេះតម្លៃមៀននៅលើទីផ្សារឡើងថ្លៃ ធ្វើឱ្យកសិករដំាមៀនប៉ៃលិន ពួកគាត់មានការសប្បាយចិត្ត ក្នុងការផលិតមៀនប៉ៃលិន»។
ទន្ទឹមនិងមៀនប៉ៃលិនកំពុងទទួលបានការគំាំទ្រនៅលើទីផ្សារ ធ្វើឱ្យប្រជាកសិករដំាដុះមានការសប្បាយចិត្ត ការនាំចេញផ្លែមៀនស្រស់ របស់កម្ពុជាទៅកាន់ទីផ្សារខាងក្រៅមានជាង ៨.១១៨តោន ពោលគឺមានការកើនឡើងខ្ពស់នៅក្នុងរយៈពេល៨ខែឆ្នំា២០២៣នេះ។
លោក ស្រេង ស្រៀង មើលឃើញថា «ការនាំចេញផ្លែមៀនស្រស់ មានការកើនឡើងខ្ពស់នេះដោយសារយើងមានឃ្លំាងប្រមូលទិញផ្លែមៀននៅក្នុងស្រុកមានពី៦ទៅ៧ក្រុមហ៊ុនទើបធ្វើឱ្យការនាំចេញផ្លែមៀនប៉ៃលិនកើនឡើងច្រើនដូចនេះ ខុសប្លែកពីមុនការនាំចេញផ្លែមៀនប៉ៃលិនទៅទីផ្សារខាងក្រៅ តាមរយៈប្រទេសជិតខាង»។
តាមប្រធានក្រុមប្រឹក្សាភិបាលសហគមន៍មៀនប៉ៃលិន អះអាងថាបច្ចុប្បន្នផ្លែមៀនប៉ៃលិនមិនមែនមានតែនាំចេញទៅទីផ្សារចិនមួយប៉ុណ្ណោះទេគឺមាននាំចេញទៅទីផ្សារប្រទេសផ្សេងទៀត ។សព្វថ្ងៃនេះមៀនប៉ៃលិនមានការដំាដុះក្រៅពីខេត្តប៉ៃលិន មាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិសាត់ ហើយនៅពេលប្រមូលផលមៀនប៉ៃលិនម្តងៗ មានរហូតដល់រាប់ម៉ឺនតោន។
លោកលើកឡើងថា ការដាំដុះមៀនប៉ៃលិនទាមទារឱ្យមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់។ ដូចនេះខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ និងក្រសួងធនធានទឹក ធ្វើយ៉ាងម៉េចជួយ ឱ្យមានទំនប់ស្ទាក់ទឹកគ្រប់នៅតំបន់ដែលមានដំណាំមៀនប៉ៃលិន ដើម្បីឱ្យកសិករមានជីវភាពធូរធានិងធ្វើឱ្យកសិករមានភាពកក់ក្តៅក្នុងការផលិតឬដំាដុះមៀនប៉ៃលិន។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនំាចេញកសិផលក្នុងរយៈពេល៨ខែឆ្នំា២០២៣របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា គិតត្រឹមរយៈពេល៨ខែឆ្នំា២០២៣នេះ ផ្លែមៀនស្រស់បាននាំចេញទៅទីផ្សារខាងក្រៅមានជាង៨.១១៨តោន កើនឡើងរហូតដល់៣.៧២០% បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នំា២០២៣៕ អត្ថបទ៖សារេត