អ្នកឧកញ៉ាបណ្ឌិត សុខ គង់, ព្រះចៅអធិការ ព្រះសង្ឃ និង ពុទ្ធបរិស័ទជាង ៦,០០០អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកពី ២៥ខេត្តនិងរាជធានី កាលពីថ្ងៃទី២៣ ខែកញ្ញា នេះ បានចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ។
ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះ ជាការផ្តួចផ្តើមពី ព្រះវិមលសរណញាណចាន់វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និង ជាឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការ វត្តពារាណសីសិរីមង្គល សិរីមង្គល ខេត្តព្រៃវែង បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ។
នៅក្នុងឱ៌កាសនេះដែរ ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ក៏អាចចូលជាបច្ច័យកសាងព្រះពុទ្ធប្បដិមាអង្គធំ ឬក៏ជាវព្រះពុទ្ធប្បដិមាអង្គតូចសម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រ ដែលការជាវព្រះប្បដិមាអង្គតូចៗទៀតសោត នឹងមានចារឹកឈ្មោះពុទ្ធបរិស័ទផ្ទាល់, ឈ្មោះអ្នកមានគុណ, លោកយាយលោកតា, បងប្អូនកូន ក្មួយ គ្រួអាចារ្យ ឬអ្នកមានគុណ ដើម្បីជូនបុណ្យកុសល ឧទ្ទិសផលបុណ្យជូន និងដើម្បីទុកជាកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្តយូរអង្វែងតរៀងទៅ។
ព្រះពុទ្ធប្បដិមាអង្គតូចៗ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រមានទំហំ កម្ពស់០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ។
អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក ហើយគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៍សាសនា ដោយឈរលើមូលដ្ឋារក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ ។ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ ។
ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ប្រាថ្នាចូលបច្ច័យភ្ជាប់និស្ស័យ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ សូមធ្វើការទំនាក់ទំនងទូរស័ព្ទ៖ 031 7777 108 | 014 777 108 | 015 777 108