ឧកញ៉ាដែលកំពុងដឹកនាំកំពង់ផែស្វយ័ត ២រូប គឺឧកញ៉ា លូ គឹមឈន់ និងឧកញ៉ា ហ៊ឺ ប៉ាវី ទទួលបានការតែងតាំងជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ជាអនុប្រធានទី១។
បើតាមព្រះរាជក្រឹត្យចំនួន ១ទំព័រចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចតែងតាំងមុខដំណែងជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ៥រូប ក្នុងនោះមានឧកញ៉ា ២រូប គឺឧកញ៉ា លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាំងពីឆ្នាំ១៩៩៣ មកដល់ពេលបច្ចុប្បន្ន និងឧកញ៉ា ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគ ជាមួយនឹងលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការកើនឡើងនៃការវិនិយោគ។
ជាមួយគ្នានេះ CDC ក៏មានតួនាទីលើកកម្ពស់ និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងស្ថាប័នដែលអនុម័តគម្រោងវិនិយោគថ្មី និងផ្តល់នូវសេវាកម្មច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាពដល់វិនិយោគិន៕