កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management បានដាក់ដំណើរការសាកល្បងជាផ្លូវការហើយ។នេះបើតាមរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការនេះ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
លោកស្រី បន្តថា កំពង់ផែថ្មីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬផលកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
គួរជម្រាបថា កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ)នេះ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management។កំពង់ផែនេះ មានសមត្ថភាពផ្ទុកទំនិញបានរាប់ម៉ឺនតោន នៅក្នុងមួយឆ្នាំៗ៕