ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី មើលឃើញថា ការបញ្ចុះថ្លៃអគ្គិសនីដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មានគឺបញ្ចុះថ្លៃអគ្គិសនីតែទៅលើបរិមាណប្រើប្រាស់អគ្គិសនីលើសប៉ុណ្ណោះ។ ដូចនេះការទទួលបានការលើកទឹកចិត្តពីការបញ្ចុះតម្លៃអគ្គិសនីនេះវាមានចំនួនតិចតួចហើយមានរយៈពេលខ្លីទៀតបែបនេះវាហាក់ដូចមិនបានលើកទឹកចិត្តខ្លាំងក្លារហូតជំរុញឱ្យរោងចក្រ សហគ្រាសក្នុងស្រុកប្រើប្រាស់ច្រើននោះទេ។
ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «បច្ចុប្បន្នការលក់ផលិតផលនៅលើទីផ្សារធ្លាក់ចុះតិចតួច ហើយការផលិតនៅមានកម្រិត ធ្វើឱ្យថ្លៃដើមខ្ពស់ អីចឹងបើសិនជារាជរដ្ឋាភិបាលបញ្ចុះថ្លៃអគ្គិសនីបានប្រើប្រាស់ទាំងអស់ កុំបញ្ចុះតែទៅលើបរិមាណដែលយើងប្រើប្រាស់អគ្គិសនីលើស។ ត្រូវបញ្ចុះទៅលើបរិមាណអគ្គិសនីប្រើប្រាស់ទាំងអស់ ចំនួនប៉ុន្មានភាគរយហើយឱ្យមានរយៈពេលយូរដើម្បីជាការលើកទឹកចិត្តនិងអូសទាញអ្នកវិនិយោគពីខាងក្រៅអាចចូលមកបណ្តាក់ទុននៅកម្ពុជាច្រើន»។
ឧកញ៉ា កែវ មុំ សង្កត់ធ្ងន់ថា«ការលើកទឹកចិត្តមានរយៈពេល៣ខែ ខ្ញុំគិតថាការបញ្ចុះតម្លៃអគ្គិសនីនេះ ហាក់មិនសូវបានជួយអ្វីដល់ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនឱ្យបានកាន់តែច្រើន បើសិនជាការបញ្ចុះតម្លៃអគ្គិសនីឱ្យមាននិរន្តរភាពជារៀងរហូត ខ្ញុំគិតថាវាអាចនឹងអូសទាញអ្នកវិនិយោគបានកាន់តែច្រើន»។
បើតាមឧកញ៉ា កែវ មុំ បើយើងនិយាយពីអ្នកវិនិយោគ គេចង់មកបណ្តាក់ទុនវិនិយោគកម្ពុជា ជាដំបូងគេសួរទៅលើតម្លៃភ្លើងថ្លៃប៉ុន្មាន? កម្លាំងពលកម្មគ្រប់គ្រាន់ឬអត់? តើប្រាក់បៀវត្សប៉ុន្មាន ហើយបុគ្គលិកកម្មករមានជំនាញដែរឬអត់?
ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា «ដូចនេះបើសិនជាតម្លៃភ្លើងអាចប្រកួតប្រជែងជាមួយនិងបណ្តាប្រទេសជិតខាង ខ្ញុំគិតថានឹងអាចអូសទាញវិយោគិនមកកាន់កម្ពុជាកាន់តែច្រើន។ ដោយសារតែប្រទេសកម្ពុជាយើងមានស្ថិរភាពនយោបាយ មិនមានគ្រោះទឹកជំនន់ មិនមានការរម្ជួយផែនដី និងមិនមានព្យុះ ដែលជាហេតុបង្កឱ្យគេចូលមកវិនិយោគច្រើន។ តើបើសិនតម្លៃភ្លើងនៅក្នុងស្រុកមានតម្លៃជាងប្រទេសជិតខាង ហើយឧស្សាហកម្មគេដែលគេចង់ចូលមកត្រូវការប្រើប្រាស់អគ្គិសនីច្រើនគេអាចពិចារណាទៅតាមហ្នឹងដែរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម របស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាសផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុង មធ្យមនិងតង់ស្យុងខ្ពសក្នុងក្របខណ្ដទូទាំងប្រទេស ដែលមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាពនិងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចំាខែនៃការប្រើប្រាស់៦ខែចុងក្រោយទៅតាមលក្ខណ្ឌដូចខាងក្រោម។
(១)បញ្ចុះអត្រាថ្លៃចំនួន ១០%សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី៩យប់ដល់ម៉ោង៧ព្រឹកដល់ម៉ោង៩យប់។ (២)បញ្ចុះអត្រាថ្លៃចំនួន២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចំាខែពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី៩យប់ដល់ម៉ោង៧ព្រកនិង ២៤ម៉ោងសម្រាប់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យជាតិ។ (៣)រយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើមានរយៈពេល៣ខែចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា៕ អត្ថបទ៖សារេត