យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុន Toyota Motor នឹងបង្កើនការផលិតរថយន្តអគ្គិសនីម៉ាក Toyota និងម៉ាកប្រណីត Lexus របស់ខ្លួន ឱ្យបានច្រើនជាងមុន ៣ ដង នៅឆ្នាំ ២០២៥ ខាងមុខ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ មានមហិច្ឆតា ក្នុងការបង្កើនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនបន្តិចម្តងៗ ឱ្យដល់ប្រហែល ១៥០ ០០០ គ្រឿង នៅឆ្នាំ ២០២៣ និងឱ្យដល់ចំនួន ១៩០ ០០០ នៅឆ្នាំ ២០២៤ មុនអាចឈានដល់ ៦០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនក៏កំពុងកំណត់គោលដៅ ក្នុងលក់រថយន្ត EV ឱ្យបាន ១,៥ លានគ្រឿង នៅឆ្នាំ ២០២៦ និង ៣,៥ លានគ្រឿង នៅឆ្នាំ ២០៣០ ខាងមុខផងដែរ ឬប្រហែលនឹងមួយភាគបីនៃបរិមាណនៃការលក់សរុបលើពិភពលោក នាពេលបច្ចុប្បន្ន។
ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុន Toyota អាចលក់រថយន្ត EV បានតិចជាង ២៥ ០០០ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក រួមទាំងម៉ាក Lexus របស់ខ្លួន ផងដែរ ពោលគឺមានសន្ទុះទាបជាងឆ្ងាយ ពីក្រុមហ៊ុនគូប្រជែង ដូចជា Tesla និង BYD ជាដើម៕