កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រុមហ៊ុន Ford បានប្រកាសពីការផ្អាកដំណើរការ នៃការសាងសង់រោងចក្រផលិតអាគុយរថយន្ត តម្លៃ ៣,៥ពាន់លានដុល្លារ នៅតំបន់ Marshall ភាគខាងជើងនៃរដ្ឋ Michigan។
យោងតាមការអះអាងពីអ្នកតំណាង Ford បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា Ford ពិតជាបានផ្អាកការសាងសង់មែន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឈមនឹងការធ្វើបាតុកម្មដ៏ធំ ដូចទៅនឹងក្រុមហ៊ុនរថយន្តខ្នាតយក្សអាមេរិក Stellantis និង General Motors ដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុន Ford បានសង្កត់ធ្ងន់ថា ការផ្អាកដំណើរការសាងសង់រោងចក្រមួយនេះ មិនពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះឡើយ ប៉ុន្តែវាទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចក្រុមហ៊ុននាពេលអនាគត។
“ពួកយើងបានផ្អាកការងារ និងកំណត់ពីការចំណាយលើគម្រោងសាងសង់នៅតំបន់ Marshall រហូតដល់ពួកយើងអាចប្រាកដបានថា ពួកយើងអាចបញ្ចប់គម្រោងមួយនេះដោយជោគជ័យ”។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រុមហ៊ុន Ford បាននិយាយ។
សូមជម្រាបដែរថា គម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តនៅតំបន់ Marshall គឺជាកិច្ចសហប្រតិបត្តិការរវាង Ford និងក្រុមហ៊ុនចិន Contemporary Amperex Technology ដែលគ្រោងនឹងចាប់ផ្ដើមលក់អាគុយនៅដើមឆ្នាំ២០២៦ ប៉ុន្តែទើបចាប់ផ្ដើមសាងសង់បាន ៧ខែ ពួកគេក៏ប្រកាសផ្អាកគម្រោងមួយនេះបណ្ដោះអាសន្ន៕