លោក សេដ្ឋា ថាវីសុីន នាយករដ្ឋមន្រ្តីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញាស្អែកនេះ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្រ្តីថៃ នឹងមានជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានោះ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងដែរថា លោក សេដ្ឋា ថាវីសុីន នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន មកកាន់កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕