លោកឧកញ៉ា គួច ផេង ជាអ្នកជំនួញវ័យក្មេង ប្រកបដោយសក្តានុពលមួយរូបនៅកម្ពុជាបច្ចុប្បន្ន។ លោកជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលជាញឹកញាប់លោកតែងដឹកនាំកិច្ចប្រជុំ ឬចូលរួមកម្មវិធីធំៗមួយចំនួន ក្នុងនាមតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា គួច ផេង ក៏មានតួនាទីជាហេរញ្ញិកនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ លោកជានាយកប្រតិបត្តិក្រុមហ៊ុនត្រាយអាំ លីង ឡូជីស្ទីក-ខេមបូឌា (Triumph Link Logistics -Cambodia) ព្រមទាំងស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Advanced Glory Logistics Group (AGL) ដែលបង្កើតឡើងនៅឆ្នាំ២០០៤ ជាក្រុមហ៊ុនផ្តល់សេវាកម្មទាក់ទងពន្ធគយ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងផ្លូវសមុទ្រ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា គួច ផេង ក៏បានអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបេសកកម្មទៅកាន់សហរដ្ឋអាមេរិកផងដែរ ខណៈដែលកាលពីថ្ងៃទី២៣ ខែកញ្ញា លោកឧកញ៉ាបានតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ បងប្អូនសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក៕