រដ្ឋាភិបាលហ្វីលីពីន កំពុងស្វែងរកវិធានការថ្មី ដើម្បីកាត់បន្ថយតម្លៃអង្ករ

អន្តរជាតិ

ថ្មីៗនេះ អាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ (NEDA) របស់ហ្វីលីពីន បាននិយាយថា ប្រទេសរបស់ខ្លួន កំពុងពិចារណាទៅលើជម្រើសផ្សេងទៀត ក្រៅតែពីការដាក់កម្រិតតម្លៃ ដើម្បីដោះស្រាយទៅលើបញ្ហាតម្លៃអង្ករកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លេខាធិការ NEDA លោក Arsenio Balisacan និងលេខាធិការក្រសួងហិរញ្ញវត្ថុ លោក ​Benjamin E. Diokno ថ្មីៗនេះ បានស្នើសុំឱ្យមានការកាត់បន្ថយអត្រាពន្ធ ៣៥% ជាបណ្តោះអាសន្ន ពោលគឺមកនៅកម្រិត ០%ទៅ១០% សម្រាប់ការនាំចូលអង្ករពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ទន្ទឹមនឹងការកាត់បន្ថយពន្ធជាបណ្ដោះអាសន្ននេះ លោក Balisacan បានសង្កត់ធ្ងន់ទៀតថា NEDA នឹងបន្តពិភាក្សាទៅលើជម្រើសផ្សេងទៀត ដើម្បីកាត់បន្ថយតម្លៃអង្ករ ជាមួយប្រធានាធិបតី លោក Ferdinand Marcos jr ជំនួសឱ្យការដាក់កម្រិតតម្លៃតែមួយមុខ។ ដោយវិធានការ ដែលដាក់ចេញដោយប្រធានាធិបតីរូបនេះ គឺគ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ខណ:​រដ្ឋាភិបាល​ត្រូវ​ស្វែង​រក​ជម្រើសថ្មី​ល្អ​ជាង​នេះ។

ជម្រាបជូនផងដែរថា NEDA កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់ ​លើ​តម្លៃ​អង្ករ​ពិភពលោក និង​បរិមាណ​នាំ​ចេញ​របស់​ប្រទេស​នាំ​ចេញ​កំពូលៗ ស្របពេលការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌា នាពេលថ្មីៗនេះ និងការដាក់សម្ពាធពីប្រទេសនាំចេញសំខាន់ៗដូចជាវៀតណាម និងថៃ បានជំរុញឱ្យតម្លៃអង្ករពិភពលោកកើនឡើងយ៉ាងខ្លាំង ៕