ជីកសិកម្មវៀតណាមឡើងថ្លៃខ្លាំង ក្រោយប្រទេសចិនដាក់បម្រាមនាំចេញ

អន្តរជាតិ

តម្លៃជីអ៊ុយរ៉េ នៅក្នុងប្រទេសវៀតណាម បានកើនឡើងតម្លៃដល់ ១០% នៅក្នុងខែកញ្ញា និង ៣០% គិតចាប់តាំងពីខែកក្កដាមក បន្ទាប់ពីប្រទេសចិន បានធ្វើការហាមឃាត់ការនាំចេញជីកសិកម្មរបស់ខ្លួន ដើម្បីរក្សាតម្លៃក្នុងស្រុកឱ្យនៅ​ស្ថិតស្ថេរ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនផលិតជីកសិកម្ម Petrovietnam Camau របស់វៀតណាម បានដំឡើងតម្លៃជីអ៊ុយរ៉េរបស់ខ្លួន នៅក្នុងខែនេះ ១០% ដល់ ១១ ២០០ដុង (០,៤៦ដុល្លារ) ក្នុងមួយគីឡូក្រាម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតជីកសិកម្មផ្សេងទៀត ក៏បានធ្វើការដំឡើងតម្លៃជីរបស់ខ្លួនស្រដៀងគ្នានេះផងដែរ ដូចជាក្រុមហ៊ុន Viet Au ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានដំឡើងតម្លៃដល់ ១២ ៥០០ដុង (០,៤៧ដុល្លារ) ក្នុងមួយគីឡូក្រាម។

បើតាមលោក Phung Ha អនុប្រធានសមាគមជីវៀតណាម បាននិយាយថា ប្រទេសចិន ដែលជាអ្នកផលិត និងអ្នកប្រើប្រាស់អ៊ុយរ៉េធំជាងគេលើពិភពលោក នៅដើមខែនេះ បានបញ្ជាឱ្យក្រុមហ៊ុនផលិតជីមួយចំនួន បញ្ឈប់ការនាំចេញ ដែលនេះបានបណ្តាលឱ្យតម្លៃជីប្រភេទសំខាន់ៗកើនឡើងថ្លៃទូទាំងពិភពលោក រួមទាំង នៅប្រទេសវៀតណាមផងដែរ។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលជីសរុបជិត ២,៥ លានតោន ដែលមានតម្លៃ ៨៣៣លានដុល្លារអាមេរិក កើនឡើង ១៣% គិតជាបរិមាណ ប៉ុន្តែធ្លាក់ចុះ ១៩% គិតជាតម្លៃ៕