ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត DENSO ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន កំពុងដំណើរការផលិតនូវគ្រឿងបន្លាស់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង គ្រោងនឹងពង្រីកនូវអាជីវកម្មបន្ថែម និងបង្កើតឱកាសការងារជាច្រើនដល់កម្មករនិយោជិត។នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ម៉ាសាអូ ស៊ីអេម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានឱ្យដឹងថា ចាប់តាំងពីបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ៦០០នាក់ បានកំពុងបម្រើការងារនៅរោងចក្រ DENSO ហើយក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាសការងារបន្ថែមទៀត ក្នុងពេលអនាគតដ៏ខ្លីខាងមុខផងដែរ ដែលអាចរំពឹងទុកថានឹងកើនដល់ ១០០០នាក់ ជាមួយផលិតផលរបស់ខ្លួនកំពុងមានដូចជា ម៉ាញ៉េតូ (Maneto), ឧបករណ៍សម្រាប់បន្ថយកម្តៅក្នុងម៉ាស៊ីនឡាន, ឧបករណ៍វាស់កម្រិតទីកនៅក្នុងម៉ាស៊ីនឡានម៉ាស៊ូត, ឧបករណ៍បញ្ចុះកម្តៅប្រេងក្នុងម៉ាស៊ីន, កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២)។
លើសពីនេះ លោកថា ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែលមានឈ្មោះថា DENSO in Industrial Talent Development ចាប់ពីឆ្នាំ២០១៦ ដល់២០២២ ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សប្រមាណ ២២០នាក់ ហើយក្រុមហ៊ុននឹងមានគម្រោងធ្វើការបណ្តុះបណ្តាលប្រមាណ ៦០នាក់បន្ថែមទៀត ក្នុងឆ្នាំ២០២៣ និង ៧០នាក់ នៅក្នុងឆ្នាំ២០២៤។
គួរឱ្យដឹងផងដែរថា DENSO Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DENSO Corporation មានមូលដ្ឋាននៅជប៉ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងគ្រឿងរថយន្តសកល មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅលើពិភពលោក និងមានក្រុមហ៊ុនដៃគូ ៣៥ ប្រទេស។ ក្រុមហ៊ុននេះ បានចុះបញ្ជីវិនិយោគមានតម្លៃ ១០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣ មកម្ល៉េះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សូមជម្រាបជូនថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕