ថៃ រំពឹងទាញប្រាក់ចំណូលជាង ៨ពាន់លានដុល្លារ ពីផែនការលើកលែងទិដ្ឋាការ

អន្តរជាតិ

យោងតាមអជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឱ្យដឹងថា យ៉ាងហោចណាស់ភ្ញៀវទេសចរចិន ចំនួន ៥ លាននាក់ នឹងចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ រហូតដល់ចុងឆ្នាំនេះ ដោយរំពឹងទាញចំណូលបានជាង ៨ពាន់លានដុល្លារ បន្ទាប់ពីគោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាល សម្រាប់ប្រជាជនចិន និងកាហ្សាក់ស្ថាន ត្រូវបានចូលជាធរមាន កាលពីថ្ងៃចន្ទកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ ខែកញ្ញា បានបង្ហាញថា ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងកាហ្សាក់ស្ថាននេះ គឺជាផ្នែកមួយនៃវិធាការសំខាន់ៗ ដែលដាក់ចេញដោយរដ្ឋាភិបាលថ្មី ។

តាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទៅទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដោយផ្ទាល់នៅអាកាសយានរដ្ឋាន​សុវណ្ណភូមិ​កាលពីថ្ងៃចន្ទ ដែលជាថ្ងៃចាប់ផ្តើមដំបូងនៃគោលនយោបាយថ្មីនេះ ។

ទន្ទឹមនឹងនេះ លោកស្រី Thapanee Kiatphaibool ទេសាភិបាល TAT ដែលបានឈរទទួលស្វាគមន៍ភ្ញៀវទេសចរចិនផងដែរនោះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា វិធានការលើកលែងទិដ្ឋាការនេះ នឹងជួយធានាបានថាភ្ញៀវទេសចរចិន ចំនួន ៥ លាននាក់ នឹងមកលេងប្រទេសថៃនៅឆ្នាំនេះ។

អ្នកស្រី Thapanee ក៏បានបន្ថែមទៀតផងដែរថា ភ្ញៀវទេសចរចិនទាំងនោះ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់សរុបប្រហែល ៣០០ពាន់លានបាត ឬប្រមាណជាង ៨ពាន់លានដុល្លារ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តរបស់ពួកគេ។

ជម្រាបជូនផងដែរថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា មានភ្ញៀវទេសចរប្រមាណ ១៩ លាននាក់បានមកដល់ប្រទេសថៃ ហើយក្នុងចំណោមនោះ មាន ២,៣៤ លាននាក់ជាជនជាតិចិន ដែលជាប់ជាភ្ញៀវបរទេសមកលេងថៃច្រើនជាងគេទីពីរ បន្ទាប់ពីម៉ាឡេស៊ី ៕