ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្ស Altice គឺកំពុងស្វែងរកការខ្ចីប្រាក់ប្រមាណ ៥០០លានអឺរ៉ូពីវិនិយោគិន ខណៈវាគឺជាបំណុលលើកដំបូង តាំងពីសហស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Armando Perira ត្រូវបានឃាត់ខ្លួន ពីបទអំពើពុករលួយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន FT បានបង្ហាញថា កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន Altice International មានបំណងចង់ខ្ចីប្រាក់ ៥០០លានអឺរ៉ូនៅក្នុងទីផ្សារ ដើម្បីទូទាត់បំណុលដែលត្រូវផុតកំណត់នាឆ្នាំ២០២៥។
ជាមួយគ្នានេះ ម្ចាស់ក្រុមហ៊ុនគឺលោក Patrick Drahi ក៏មានបំណងចង់ដាក់លក់ភាគហ៊ុននៅក្រុមហ៊ុន Altice France ដើម្បីប្រមូលលុយ ៣ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាដែលក្រុមហ៊ុនកំពុងជួបប្រទះផងដែរ។
គួររំលឹកដែរថា បន្ទាប់ពីដំណឹងនៃការចាប់ខ្លួនសហស្ថាបនិក Pereira ក្រុមហ៊ុន Altice ព្យាយាមដោះស្រាយបញ្ហាបំណុលប្រមាណ ៦០ពាន់លានដុល្លារ និងច្រានចោលរាល់ពាក្យចោទប្រកាន់ដែលពាក់ព័ន្ធជាមួយមហាសេដ្ឋីម្នាក់នេះ។
ជម្រាបបន្ថែមថា មហាសេដ្ឋី Pereira ត្រូវបានឃាត់ខ្លួន និងត្រូវឃ្លាំមើលពីក្រុមប៉ូលិសនៅប្រទេសព័រទុយហ្គាល់កាលពីខែកក្កដា មកទល់នឹងពេលនេះ បន្ទាប់ពីរងការចោទប្រកាន់ថាពាក់ព័ន្ធនឹងករណីពុករលួយ៕