ប្រទេសចិនបានបើកដំណើរការខ្សែរថភ្លើងល្បឿនលឿនឆ្លងកាត់ផ្ទៃសមុទ្រដំបូងបំផុតរបស់ខ្លួន ដែលមានទីតាំងធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍ ក្បែរច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយនាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។
បើតាមប្រតិបត្តិករក្រុមហ៊ុន China State Railway Group បានបញ្ជាក់ថា វាជាផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន ដែលមានល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង អមដោយផ្លូវដែកដែលសាងសង់លើផ្ទៃសមុទ្រប្រវែង ១៩,៩គីឡូម៉ែត្រ នឹងឆ្លងកាត់ឆ្នេរសមុទ្រចំនួនបីគឺ Quanzhou, Meizhou និងឆ្នេរ Anhai ។
ក្នុងនោះដែរ លោក Li Pingzhuo ជាអ្នកគ្រប់គ្រងគម្រោងទូទៅនៃក្រុមហ៊ុន China Railway Siyuan Survey and Design Group បាននិយាយថា ពួកយើងបានសាងសង់ដោយគិតគូពីការយកឈ្នះ លើបញ្ហាប្រឈមនានាដែលបង្កឡើងដោយខ្យល់ព្យុះ រលកទឹកខ្ពស់ៗ ក៏ដូចជាជម្រៅទឹក និងការពារភាពច្រែះរបស់ដែក មួយវិញទៀត ពួកយើងបានសាងសង់វាតាមបែបបច្ចេកទេសដែលអាចមានសមត្ថភាពទប់ទល់នឹងហានិភ័យរញ្ជួយដីផងដែរ។
សូមជម្រាបថា ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័ស ពោលកាលពីឆ្នាំ២០២២ កន្លងទៅ ចិនបានដាក់ដំណើរការផ្លូវរថភ្លើងល្បឿនលឿនប្រវែងដល់ទៅ ៤២០០០គីឡូម៉ែត្រផងដែរ៕