យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) )នៃប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ប្រទេសចិន វៀតណាម និងថៃ បានដឹកជញ្ជូនទំនិញជាង ១១,៥ពាន់លានដុល្លារ មកកាន់ប្រទេសកម្ពុជា ដែលស្មើទៅនឹង ៧០,៨% នៃការនាំចូលសរុប សម្រាប់រយ:ពេល ៨ខែដំបូង នៃឆ្នាំ ២០២៣ នេះ ។
តាមចំនួននេះ ប្រទេសចិន បានឈរនៅលើគេ ជាមួយនឹងការនាំចូលទំនិញ ដែលមានតម្លៃដល់ ៧,២ពាន់លានដុល្លារ មកកាន់ប្រទេសកម្ពុជា ឬស្មើទៅនឹង ៤៣,៩% នៃការដឹកជញ្ជូនសរុប ខណ:ការនាំចូលពីប្រទេសវៀតណាម បានធ្លាក់ចុះ ១១,៧% មកនៅត្រឹម ២,៥ពាន់លានដុល្លារ ចំណែកឯការនាំចូលពីប្រទេសថៃវិញ ក៏បានធ្លាក់ចុះ ២៥,៨% មកនៅត្រឹម ១,៩ពាន់លានដុល្លារ។
បើតាម GDCE បានបង្ហាញឱ្យដឹងទៀតថា ក្នុងអំឡុងរយ:ពេល ៨ ខែដំបូងឆ្នាំនេះ កម្ពុជា ក៏បាននាំចូលទំនិញពីប្រទេសផ្សេងទៀត ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ ផងដែរ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការនាំចូលទំនិញពីប្រទេសចិន វៀតណាម និងថៃ អាចបំពេញតម្រូវការស្ទើរតែទាំងអស់របស់កម្ពុជា រាប់ចាប់ពីអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រធំៗ បើទោះបីជាកម្ពុជា ក៏បាននាំចេញទំនិញយ៉ាងច្រើន ទៅកាន់ប្រទេសទាំងនោះវិញក៏ដោយ។
ជម្រាបជូនផងដែរថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ នេះ GDCE បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញទំនិញតម្លៃ ៣,៤ពាន់លានដុល្លារ ទៅកាន់ប្រទេសចិន វៀតណាម និងថៃ ដែលស្មើនឹង ២១,៩% នៃតម្លៃនាំចេញសរុបចំនួន ១៥,៧ពាន់លានដុល្លារ៕