ថ្មីៗនេះ រដ្ឋាភិបាលឡាវ កំពុងរៀបចំផែនការយ៉ាងហ្មត់ចត់ សម្រាប់កម្មវិធី Visit Laos Year 2024 ដើម្បីកំណត់គោលដៅទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងហោចណាស់ ៤,៦ លាននាក់ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៧១២លានដុល្លារ នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
នាពេលកន្លងមកនេះ អាជ្ញាធរមូលដ្ឋាន បានរួមដៃគ្នាជាមួយក្រុមអ្នកធុរកិច្ច ដើម្បីធ្វើការកែលម្អតំបន់ទេសចរណ៍ ក៏ដូចជាមានការរៀបចំវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និងលើកម្ពស់ប្រជាប្រិយភាពទេសចរណ៍ ផងដែរ ។
មិនតែប៉ុណ្ណោះ ជុំវិញផែនការទាក់ទាញភ្ញៀវទេចរនេះ រដ្ឋាភិបាលឡាវ ក៏បានដំឡើងស្លាកសញ្ញាផ្សព្វផ្សាយផ្សេងៗ នៅតាមដងផ្លូវធំៗ ជាពិសេសតភ្ជាប់ទៅកាន់ប្រទេសជិតខាង ក៏ដូចជាធ្វើការកែលម្អកន្លែងសម្រាប់ភ្ញៀវទេសចរ និងណែនាំឱ្យមានសកម្មភាពកម្សាន្តជាច្រើន ដូចជាការឡើងភ្នំ និងការបោះជំរុំជាដើម។
នៅក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Boten ក្នុងខេត្ត Luang Namtha ភាគខាងជើងប្រទេសឡាវ ដែលជាព្រំប្រទល់ជាប់ទៅនឹងប្រទេសចិន នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានស្នើឱ្យគណៈគ្រប់គ្រងតំបន់នេះ ធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងរៀបចំសកម្មភាពទេសចរណ៍ឱ្យកាន់តែច្រើន សម្រាប់កម្មវិធី Visit Laos Year 2024 នេះ ផងដែរ ។
ជម្រាបជូនផងដែរថា រដ្ឋភិបាលឡាវ បានផ្តល់អាទិភាពពិសេស ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាសសរស្តម្ភ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងការខាងបង់ធ្ងន់ធ្ងរ ដោយសារតែជំងឺកូវីដ-១៩ នាពេលកន្លងមក ៕