ឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN REALTY អំឡុងពេលលោកអញ្ជើញទៅចូលរួមកិច្ចប្រជុំពាណិជ្ជកម្ម នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានកត់សម្គាល់ឃើញថា សម្លៀកបំពាក់ផលិតនៅកម្ពុជាជាច្រើន បាននិងកំពុងដាក់លក់ក្នុងហាងទំនើបៗនៅសហរដ្ឋអាមេរិក។
លោកឧកញ៉ា អ្នកជំនាញអចលនវត្ថុនៅកម្ពុជារូបនេះ បានលើកឡើងតាមរយៈវីដេអូឃ្លីបមួយ លើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា ពេលនេះលោកកំពុងស្ថិតនៅទីក្រុងញ៉ូវយ៉ក និងបានដើររកមើលទិញខោអាវមួយចំនួន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ អាវប្រេនៗនៅទីក្រុងញ៉ូវយ៉កភាគច្រើន បានដាក់ថា «Made in Cambodia» មានន័យថា «ផលិតនៅកម្ពុជា»។
លោកបន្តថា ការពិតអ្វីដែលយើងគួរតែមានមោទនភាព គឺសម្លៀកបំពាក់នៅក្នុងហាងទំនើបៗជាច្រើននៅទីក្រុងញ៉ូវយ៉ក ជាទូទៅគឺផលិតឡើងនៅប្រទេសកម្ពុជាយើង។ ដូច្នេះយើងគួរតែមានមោទនភាពសម្រាប់ប្រទេសកម្ពុជាយើង ដែលមានផលិតផលខ្មែរបាននាំមកលក់នៅប្រទេសដែលរីកចម្រើនបំផុត។
ឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា យើងត្រូវតែចេះស្រឡាញ់ជាតិរបស់យើង និងមានមោទនភាពសម្រាប់ជាតិយើង ព្រោះខ្មែរយើងមិនមែនអន់នោះទេ ហើយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ប្រទេសយើងមានការរីកចម្រើនលឿន។ ជាពិសេស យើងជឿជាក់ថា នៅពេលអនាគតប្រទេសយើងនឹងកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕