ឧកញ៉ា ជា តុងហ៊ួរជា Co-Founder & Chief Marketing Officer ក្រុមហ៊ុន Khmer Express Realty Co., Ltd មានមហិច្ឆតានាំយកទង់ជាតិកម្ពុជាដើរជុំវិញពិភពលោក ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយ ពីកម្ពុជា។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧកញ៉ា ជា តុងហ៊ួរ បានលើកឡើង ពីគោលបំណង៥យ៉ាង ក្នុងន័យផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។ បើតាមឧកញ៉ាវ័យក្មេងរូបនេះ គោលដៅ ចម្បងគឺ ផ្សព្វផ្សាយពីកម្ពុជា និងបង្កើតមាតិកាផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកលេង ប្រទេស កម្ពុជា ឱ្យបានកាន់តែច្រើន។
បន្ថែមពីនោះ លោកឧកញ៉ា នឹងនាំយកសៀវភៅ ផែនទីផ្នត់គំនិត Mind Map ដាក់ក្នុងបណ្ណាល័យ នៃប្រទេស នីមួយៗ ដែលទៅដល់។ ជាក្ដីស្រមៃសម្រាប់ខ្លួនឯង នឹងជាបំណងក្នុងនាមជាជនជាតិខ្មែរ ចង់ដើរជុំវិញ ពិភពលោក លោកឧកញ៉ា សង្កត់ធ្ងន់ថា ការដើរជុំវិញពិភពលោកនេះ លោកនឹងនាំយកអ្វីដែលថ្មី និងល្អបំផុត សម្រាប់ប្រជាជនកម្ពុជា។
លោកឧកញ៉ាបន្តថា ក្រោយពីសិក្សាឈ្វេងយល់ពីគ្រប់ប្រទេសហើយ លោកនឹងចងក្រងជាសៀវភៅមួយក្បាល ដើម្បី បន្សល់ទុកជាស្នាដៃដល់មនុស្សជាតិ។
សូមជម្រាបជូនផងដែរថា គោលដៅទេសចររបស់ឧកញ៉ា ជា តុងហ៊ួរ នឹងចាប់ផ្ដើមនៅខែក្រោយនេះ ពោល គឺ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សរុបមានរយៈពេល៣ឆ្នាំ៕
អត្ថបទ៖ សុកធា