ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា និងពិធីប្រកាសជាផ្លូវការសៀវភៅ ស ឆ្នាំ២០២៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានស្នើឱ្យធុរជនពីបណ្តាប្រទេសអាស៊ាន អឺរុប និងតំបន់មេគង្គ មកស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា ដោយបង្កើតរោងចក្រ និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ក្រោមយន្តការកិច្ចព្រមព្រៀងសេរីនានាដែលកម្ពុជាមាន។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា តំបន់មេគង្គ គឺជាតំបន់ដ៏មានសក្តានុពល និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយប្រទេសនីមួយៗក្នុងតំបន់នេះ មានវប្បធម៌ស្រដៀងគ្នា មានមិត្តភាពរឹងមាំ និងមានសក្តានុពលសហប្រតិបត្តិការខ្ពស់ ដោយមានធនធាន និងរចនាសម្ព័ន្ធឧស្សាហកម្មបំពេញឲ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ក៏បានបង្ហាញធុរជនពីបណ្តាប្រទេសអាស៊ាន អឺរុប និង តំបន់ មេគង្គ អំពីគោលនយោបាយគាំទ្រធុរកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែដោះស្រាយរាល់បញ្ហាប្រឈម របស់វិស័យឯកជន និងបញ្ជាក់ថា កម្ពុជាមានវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាប់ចំណាត់លេខ១ នៅទូទាំងពិភពលោក ជាវេទិកាដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យឯកជន។
បើតាមការគ្រោងទុកនៅខែវិច្ឆិកាមុខនេះ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន នឹងចាប់ផ្តើមពិភាក្សាក្រោមវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។
ជាមួយគ្នា អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្ត និងអញ្ជើញធុរជនទាំងអស់ មកស្វែងរកកាលានុវត្តភាព ធុរកិច្ចនៅកម្ពុជា បង្កើតរោងចក្រ និងនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោកក្រោមយន្តការកិច្ចព្រមព្រៀងសេរីនានា រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ជាដើម ដែលមានទីផ្សារទំលំទូលាយ គឺ អាស៊ានទាំងដប់ប្រទេស ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង ណូវែលហ្សេឡង់៕