សិង្ហបុរី បញ្ចេញថវិកាជាង ៨០០លានដុល្លារបន្ថែម ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជន

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១,១ពាន់លានដុល្លារសិង្ហបុរី (៨០២លានដុល្លារ) ដើម្បីជួយដោះស្រាយបញ្ហានៃការកើនឡើងថ្លៃរស់នៅ របស់ប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះកញ្ចប់ថវិកាថ្មីនេះ គឺនឹងត្រូវបន្ថែមពីលើចំនួន ១,៥ពាន់លានដុល្លារសិង្ហបុរី ដែលរដ្ឋាភិបាលបានប្រកាស កាលពីក្នុងខែមិថុនា សម្រាប់ជួយសម្រួលទៅដល់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធម្យម ។

គួរឱ្យដឹងផងដែរថា ជុំវិញការប្រកាសអំពីការបន្ថែមកញ្ចប់ថវិកាថ្មីនេះ គឺបានកើតឡើង ចំពេលដែលអត្រាអតិផរណារបស់សិង្ហបុរី នៅក្នុងខែសីហា បានធ្លាក់ចុះមកនៅត្រឹម ៣,៤% បើធៀបទៅនឹងកម្រិត ៥,៥% កាលពីក្នុងខែមករា និងកុម្ភ: ។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណ:ពេលដែលអតិផរណា បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក៏ដោយ ប៉ុន្តែប្រជាជន នៅតែកំពុងដោះស្រាយជាមួយនឹងផលប៉ះពាល់ នៃការកើនឡើងថ្លៃសម្រាប់ការរស់នៅ ក្នុងតំបន់ផ្សេងៗ ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong បាននិយាយផងដែរថា ៖ “កំណើនសេដ្ឋកិច្ចនៅតែមានភាពយឺតយ៉ាវ ប៉ុន្តែយើងមិនរំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែមាន ហើយវាអាចមានការរំខានដល់ការផ្គត់ផ្គង់អាហារ និងថាមពល នៅទូទាំងពិភពលោក” ៕