អ្នកឧកញ៉ា ពុង ឃាវសែ ចុះកិច្ចព្រមព្រៀងជាមួយ Big C ត្រៀមបើកផ្សារទំនើបទំហំ ២,៧ហិកតា នៅរង្វង់មូលសុវណ្ណមច្ឆា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) កាលពី​ថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ​នេះ​ បាន​ដឹកនាំ​ក្រុមការងារ​ ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយ​ក្រុមហ៊ុន​ផ្សារទំនើប​របស់​ថៃ ​Big C របស់ BJC ​ដើម្បី​ត្រៀមអភិវឌ្ឍន៍ផ្សារទំនើបទំហំ ២,៧​ ហិកតា ដែលមាន​ទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​សាងសង់​ផ្សារទំនើប​ថ្មី​ដ៏​ធំ​នេះ​ គ្រោងនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ ហើយផ្សារទំនើបនេះ​ត្រូវ​បានគេរំពឹងថានឹងបើកដំណើរការក្នុងរយៈពេល​ចន្លោះ​ពី ១៨-២៤ខែ គិត​ចាប់ពីពេលចាប់ផ្តើមសាងសង់។

កម្មវិធី​កិច្ច​ហត្ថលេខា​នេះ​ មានការចូលរួមពីតំណាងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល អ្នកស្រីបណ្ឌិត Lim Lina (អនុប្រធាន) លោកស្រី Lim Lychin នាយិកា​ក្រុមហ៊ុន OCIC និង Mega Asset Management លោក អាំង អេងហ៊ុយ CFO នៃក្រុមហ៊ុន OCIC Group និង Mega Asset Management និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group រួម​ជាមួយតំណាង Big C លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការ និងលោក Suwin Somsri អនុប្រធាន ផងដែរ។

សូម​ជម្រាប​ថា អ្នកឧកញ៉ា ពុង ឃាវសែ កំពុង​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន វិស័យ​ហិរញ្ញវត្ថុ សំណង់និងអចលនទ្រព្យ ការអប់រំ អាកាសយានដ្ឋានអន្តរជាតិ ទេសចរណ៍ និង​វិស័យ​លក់រាយ​ផ្សារ​ទំនើប​ផង​ដែរ។ សម្រាប់​ផ្សារទំនើប​ល្បី​ឈ្មោះ​ដែល​​អ្នកឧកញ៉ា ​បាន​វិនិយោគ​រួម​មាន​ដូចជា ផ្សារ​ទំនើប​សូរិយ៉ា ផ្សារទំនើប​សុវណ្ណា និងផ្សារទំនើបអូឡាំព្យា នៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ជាដើម-ល-៕