ការប្រើប្រាស់ប្រេងឥន្ធន:របស់ថៃ កើនឡើង ២,៣% ក្នុងរយ:ពេល ៨ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមនាយកដ្ឋានអាជីវកម្មថាមពលរបស់ប្រទេសថៃ បានបង្ហាញឱ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធន:គ្រប់ប្រភេទ នៅក្នុងរយ:ពេល ៨ខែដំបូងឆ្នាំ ២០២៣ នេះ មានការកើនឡើង ២,៣% ដល់ចំនួន ១៥៥ លានលីត្រ ក្នុងមួយថ្ងៃ បើទោះបីជាតម្រូវការប្រេងម៉ាស៊ូត បានធ្លាក់ចុះ ដោយសារតែតម្លៃកើនឡើងក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញឱ្យដឹងថា ការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងប្រទេសថៃ គិតចាប់ពីខែមករា ដល់ខែសីហា បានធ្លាក់ចុះ ៣,៩% មកនៅត្រឹម ៧០ លានលីត្រ ក្នុងមួយថ្ងៃ ពោលគឺបានធ្លាក់ចុះពីចំនួន ៧២,៨ លានលីត្រក្នុងមួយថ្ងៃ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ប៉ុន្តែបើតាមប្រភពមួយ នៅក្នុងនាយកដ្ឋានអាជីវកម្មថាមពល ដែលសុំមិនបញ្ចេញឈ្មោះ​បានបង្ហើបឱ្យដឹងថា ការប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងស្រុក អាចនឹងមានការកើន នៅក្នុងខែតុលានេះ បន្ទាប់ពីគណ:រដ្ឋមន្ត្រី បានធ្វើការអនុម័តឱ្យមានការកាត់បន្ថយតម្លៃប្រេងឥន្ធន:មកនៅក្រោម ៣០បាត ក្នុងមួយលីត្រ ពោលគឺធ្លាក់ចុះពី ៣១,៩បាត ។

ប្រភពដដែល បានបង្ហាញឱ្យដឹងទៀតថា តម្រូវការសម្រាប់ឥន្ធន:សំខាន់ៗផ្សេងទៀត ក៏បានកើនឡើង នៅចន្លោះខែមករា ដល់ខែសីហា ផងដែរ ដោយការប្រើប្រាស់ប្រេងសាំង និង​ហ្គាស់​​ បានកើនឡើង ៥,៥% ដល់ចំនួន ៣១,៩ លានលីត្រក្នុងមួយថ្ងៃ ខណ:ប្រេងឥន្ធន:សម្រាប់យន្តហោះ ក៏មានការកើនឡើងខ្លាំងបំផុត ដល់ ៧០% ក្នុងចំនួន ១៣,៣ លានលីត្រក្នុងមួយថ្ងៃ ។

លោកស្រី Nanthika Thangsupanich អគ្គនាយកនៃនាយកដ្ឋានអាជីវកម្មថាមពល បាននិយាយថា ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈនេះ គឺត្រូវបានជំរុញដោយការងើបឡើងវិញរបស់ប្រទេស សម្រាប់អាជីវកម្មផ្សេងៗ ជាពិសេសក្នុងវិស័យទេសចរណ៍។

លោកស្រី Nanthika បានបន្ថែមទៀតថា ការនាំចូលប្រេងឥន្ធនៈ រួមទាំងប្រេងឆៅ ហ្គាស់ និងប្រេងចម្រាញ់ បានកើនឡើង ១,៣% ដល់ចំនួន ១,០៤២ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ខណ:តម្លៃនៃការនាំចូលបានធ្លាក់ចុះ ២០,១% មកនៅត្រឹម ៩២,៥ពាន់លានបាត៕