អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រកាសគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាមេរិកក្នុងមួយខែ ខណៈបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូតដល់ ២៣២ដុល្លារ។
ក្នុងសេចក្តីថ្លែងការណ៍សមាគមស្បែកជើងកម្ពុជារបស់អ្នកឧកញ៉ា លី ឃុនថៃ នៅថ្ងៃទី៣០ ខែកញ្ញាកន្លងទៅបានឲ្យដឹងថា សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេសនិងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់។
លើសពីនេះសមាគមអះអាងថា កម្មករនិយោជិតបាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្ដរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។
លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរនៅពេលកន្លងទៅលោកមើលឃើញថា ប្រាក់ឈ្នួលអប្បបរមានៅឆ្នំា២០២៤កម្មករ អាចទទួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែ។ តែមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានបង្ហាញថានៅឆ្នាំ២០២៤កម្មករទទួលបានតែ២០៤ដុល្លារអាមេរិកប៉ុណ្ណោះ។
លោក អន សាខន បានឱ្យដឹងថា« នៅឆ្នាំ២០២៤បើសិនជាកម្មករទទួលបានការតម្លើងប្រាក់ឈ្នួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែនេះ នឹងធ្វើឱ្យកម្មករសប្បាយចិត្ត។តែបើសិនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានតម្លើងជូនតិចតួចក៏ពពួកគាត់ព្រមទទួលយក ផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ន»។
យ៉ាងណា ចំពោះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ មានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែផ្តល់ជូនកម្មករពេញសិទ្ធិដែលនិងទទួលបានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤តទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា មានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការរីកលូតលាស់នៃវិស័យកាត់ដេរនៅកម្ពុជា។
បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា« ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នំា២០២៤ ចំនួន២០៤ដុល្លារអាមេរិកនេះខ្ញុំគិតថាប្រាក់ឈ្នួលនេះមានកម្រិតមួយរាងខ្ពស់ បើប្រៀបធៀបទៅនិងការលូតលាស់នៃវិស័យមួយនេះ។ដោយសារវិស័យកាត់ដេររបស់យើងមិនមានការលូតលាស់លឿនខ្លំាងហើយប្រាក់ចំណូលក៏មិនមានការកើនឡើងខ្លំាង ដោយសារជួបវិបត្តិនៃការបញ្ជាទិញនៅលើសកលលោក»។
បើតាមអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុករូបនេះមើលឃើញថា ការតម្លើប្រាក់ខែដល់កម្មករនិយោជិតមានចំនួន២០៤ដុល្លារអាមេរិកក្នុងមួយខែនេះសម្រាប់ភាគីនិយោជកហាក់មិនសូវជាសប្បាយចិត្តនោះទេដោយសារថ្លៃដើមផលិតបានកើនឡើងខ្ពស់នាពេលខាងមុខ។
ទន្ទឹមនិងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ ចំនួន២០៤ដុល្លារអាមេរិក គេសង្កេតឃើញថាមុខទំនិញមួយចំនួនលក់នៅមុខរោងចក្របានលក់ឡើងថ្លៃទាញយកប្រយោជន៍ពីកម្មករនិយោជិតរួចបាត់ទៅហើយ។
អ្នកស្រី ពេជ្រ សារ៉េត កម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ ស៊ូ(ខេមបូឌា)បានឱ្យដឹងថា«ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀលតែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។
លោកបណ្ឌិត គី សិរី វឌ្ឍន៍ មានប្រសាសន៍ថា«ដើម្បីឱ្យកម្មករទទួលបានផលប្រយោជន៍នេះ យើងត្រូវជំរុញការផលិតនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីទម្លាក់ថ្លៃទំនិញនៅក្នុងស្រុកឱ្យទាប ពិសេសការដាំដុះបន្លែ ត្រីសាច់ជំរុញឱ្យមានការរីកចម្រើនលឿន ហើយលក់មានតម្លៃទាប ធ្វើឱ្យការចំណាយរបស់កម្មករតិច ហើយប្រាក់ខែដែលគាត់បានមកធ្វើឱ្យចាយវាយមានភាពងាយស្រួល»៕