នាថ្ងៃទី០២ ខែតុលានេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវខ្សែរថភ្លើងល្បឿនលឿន ខណៈប្រធានាធិបតី លោក ចូកូ វីដូដូ ហៅវាថាជាមធ្យោបាយធ្វើដំណើរទំនើបបំផុត និងដំបូងគេ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រថភ្លើងល្បឿនលឿននេះបានបញ្ចប់ការសាងសង់ ក្រោយមានការជ្រោមជ្រែងពីប្រទេសចិនរាប់ពាន់លានដុល្លារ ហើយវាត្រូវបានគេដាក់ឈ្មោះឲ្យថា “Whoosh”។
រថភ្លើងល្បឿនលឿន Whoosh អាចធ្វើដំណើរបានរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចំណាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung ដែលកន្លងមកត្រូវការពេលរហូតដល់ ៣ម៉ោង សម្រាប់ការធ្វើដំណើរប្រហែល ១៤០គីឡូម៉ែត្រ។
សូមជម្រាបដែរថា គម្រោងផ្លូវរថភ្លើងមួយខ្សែនេះ ត្រូវបានសន្និដ្ឋានថាមានតម្លៃប្រមាណ ៥ពាន់លានដុល្លារ ដែលគ្រោងបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ ១៩៕