នាយរដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃចន្ទ ទី២ ខែតុលា បាននិយាយថារដ្ឋាភិបាល នឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៥៦០ពាន់លានបាត (១៥,២៣ពាន់លានដុល្លារ) ចូលទៅក្នុងចរន្តសេដ្ឋកិច្ច នៅឆ្នាំក្រោយ តាមរយ:គោលនយោបាយចែកលុយឌីជីថលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ជុំវិញផែនការថ្មីនេះ ត្រូវបានជំរុញជាពិសេសដោយគោលនយោបាយរបស់គណបក្សភឿថៃ ក្នុងការផ្តល់ជូនលុយឌីជីថលចំនួន ១០ ០០០បាត សម្រាប់ពលរដ្ឋម្នាក់ៗ ដែលមានអាយុលើសពី ១៦ ឆ្នាំ ដើម្បីប្រើប្រាស់នៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
លោក Srettha ដែលធ្លាប់ជាមហាសេដ្ឋីអចលនទ្រព្យ និងបានឡើងកាន់អំណាចកាលពីខែសីហា បាននិងកំពុងដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយសារតែការនាំចេញ និងទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគ ចុះខ្សោយ ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរដ្ឋាភិបាល លោក Srettha បានបញ្ជាក់ទៀតថា លោកកំពុងស្វែងរកការទាក់ទាញវិនិយោគិន មកបណ្តាក់ទុននៅក្នុងវិស័យបៃតង និងចេញប័ណ្ណបំណុលនិរន្តរភាពចំនួន ៣០ពាន់លានបាត។ ហើយរដ្ឋាភិបាលក៏នឹងបន្តធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ជាបន្តបន្ទាប់ ផងដែរ។
លោក Srettha ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃផងដែរនោះ ក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល នឹងធ្វើការកាត់បន្ថយតម្លៃអគ្គិសនីបន្ថែមទៀត ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់កសិករឱ្យបានបីដង ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ៕